ថ្នាក់ដឹកនាំវិមានក្រឹមឡាំងរបស់រុស្ស៊ីកំពុងចអង្អុលត្រង់ៗទៅកាន់អធិការបតីអាល្លឺម៉ង់ អំពីអំណាចគ្រប់គ្រងក្នុងប្រទេសរបស់លោក បន្ទាប់សារសំឡេងបែកធ្លាយរបស់មន្ត្រីយោធាអាល្លឺម៉ង់ដែលផ្តល់យុទ្ធសាស្រ្តដល់យោធាអ៊ុយក្រែនក្នុងការវាយផ្តាច់ស្ពានតភ្ជាប់ទៅតំបន់គ្រីមាដោយប្រើប្រាស់មីស៊ីលរបស់អាល្លឺម៉ង់។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទថា ការកត់ត្រាការពិភាក្សាយោធាអាល្លឺម៉ង់បានបង្ហាញថាកងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់កំពុងពិភាក្សាអំពីផែនការបើកការវាយប្រហារលើទឹកដីរុស្ស៊ី ហើយបានចោទសួរថាតើអធិការបតី Olaf Scholz គ្រប់គ្រងស្ថានការណ៍ដែរឬទេ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីសប្តាហ៍មុនបានចេញផ្សាយខ្សែអាត់សំឡេង និងជាអ្វីដែលពួកគេបាននិយាយថាគឺជាកិច្ចប្រជុំរបស់មន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់ដែលពិភាក្សាអំពីការផ្តល់អាវុធដល់អ៊ុយក្រែន និងការវាយប្រហារដ៏មានសក្តានុពលដោយទីក្រុង កៀវនៅលើស្ពានមួយនៅឧបទ្វីបគ្រីមា ដែលរុស្ស៊ីក្រសោបយកតាំងពីឆ្នាំ២០១៤។
សំឡេងខ្សែអាត់ដែលមានរយៈពេល៣៨នាទីនោះបានធ្វើឱ្យបញ្ហាសន្តិសុខយោធាត្រូវបានចោទសួរក្នុងចំណោមយោធាលោកខាងលិច ហើយជំរុញឱ្យមន្ត្រីរុស្ស៊ីទាមទារឱ្យមានការពន្យល់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា៖«សំឡេងខ្សែអាត់ដែលបានថតនោះ និយាយដោយខ្លួនឯងថា អាល្លឺម៉ង់ផែនការវាយប្រហារលើទឹកដីរុស្ស៊ីកំពុងត្រូវបានពិភាក្សាយ៉ាងច្បាស់លាស់ និងជាក់ស្តែង។ នេះមិនតម្រូវឱ្យមានការបកស្រាយផ្លូវច្បាប់ណាមួយឡើយ។ អ្វីគ្រប់យ៉ាងនៅទីនេះគឺជាក់ស្តែងជាង»។
អាល្លឺម៉ង់និយាយថា ខ្លួនកំពុងស៊ើបអង្កេតការថតសំឡេង។ រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដើម្បីទាមទារការពន្យល់។
រ៉យទ័រដកស្រង់សម្តីលោក ប៉េស្កូវ ដូចបាននិយាយថា៖«នៅទីនេះយើងត្រូវស្វែងយល់ថាតើ អាល្លឺម៉ង់ កំពុងធ្វើនេះតាមគំនិតផ្តួចផ្តើមរបស់ខ្លួនឬអត់។ បន្ទាប់មកសំណួរគឺថាតើ អាល្លឺម៉ង់អាចគ្រប់គ្រងបានប៉ុណ្ណា ហើយតើ Scholz គ្រប់គ្រងស្ថានការណ៍បានប៉ុន្មាន? ឬជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់?»។