រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថាប្រទេសម៉ាឡេស៊ីកំពុងជំរុញឱ្យមានការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនកាលពី ១០ ឆ្នាំមុនសាជាថ្មី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោករដ្ឋមន្រ្តី Anthony Loke បាននិយាយថា ម៉ាឡេស៊ីបានអញ្ជើញក្រុមហ៊ុនរុករកបាតសមុទ្ររបស់សហរដ្ឋអាមេរិក Ocean Infinity ឱ្យពិភាក្សាអំពីសំណើស្វែងរកយន្តហោះលើកនេះ ក្រោយបរាជ័យ ២ ដងរួចមក។
លោក Lokeបាននិយាយក្នុងព្រឹត្តិការណ៍រំឭកមួយកាលពីថ្ងៃអាទិត្យថា៖ «រដ្ឋាភិបាលម៉ាឡេស៊ី ប្តេជ្ញាក្នុងការស្វែងរក (យន្តហោះ MH370) ហើយការស្វែងរកត្រូវតែបន្ត»។
ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 ដឹកអ្នកដំណើរ ២២៧ នាក់ និងបុគ្គលិកលើយន្តហោះ ១២ នាក់ បានបាត់ខ្លួននៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១៤ ពេលធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ទៅទីក្រុងប៉េកាំង។
ដំបូងឡើយ ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី មិនបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានធ្លាក់នោះទេ ខណៈគេបានរកឃើញបំណែកយន្តហោះនៅលើឆ្នេរនៃទ្វីបអាហ្វ្រិក និងលើកោះនានាក្នុងមហាសមុទ្រ។
ក្នុងឆ្នាំ ២០១៨ ម៉ាឡេស៊ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកយន្តហោះបាត់ខ្លួនដដែលក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដោយសន្យាផ្តល់ប្រាក់ដល់ទៅ ៧០ លានដុល្លារ ប្រសិនបើរកឃើញ។ មុននោះ ក្នុងខែមករា ឆ្នាំ ២០១៧ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមទឹក ដែលប្រើទឹកប្រាក់ជាង ១៣០ លានដុល្លារ ប៉ុន្តែមិនសម្រេចបានផ្លែផ្កាឡើយ។
ជាថ្មីម្ដងទៀត លោក Loke បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងពិភាក្សាជាមួយប្រទេសអូស្ត្រាលីពីកិច្ចសហប្រតិបត្តិការក្នុងការបន្តការស្វែងរក នៅពេលដែលសំណើរបស់ Ocean Infinity ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី៕