ការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល មិន បានកើតឡើងនៅទីក្រុងគែរប្រទេសអេហ្ស៊ីបទេ ទោះបី ប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន កាលពីសប្តាហ៍មុន បានអះអាងថា បទឈប់បាញ់នឹងចូលជាធរមាននៅដើមសប្តាហ៍នេះក៏ដោយ។
ការបរាជ័យក្នុងការចរចានាពេលនេះ ដោយសារតែភាគីអ៊ីស្រាអែលមិនបានបញ្ជូនប្រតិភូចរចាទៅឡើយ ព្រោះតែភាគីហាម៉ាស់មិនបានឆ្លើយតបឱ្យបានជាក់លាក់លើការទាមទាររបស់ភាគីអ៊ីស្រាអែល។
សេចក្តីរាយការណ៍ជាបន្តបន្ទាប់បង្ហាញថា ភាគីក្រុមហាម៉ាស់ប៉ាឡេស្ទីនចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់នេះឱ្យបានឆាប់បំផុតនៅមុនថ្ងៃបុណ្យសាសនាអ៊ិស្លាម ហៅថា «រ៉ាម៉ាដាន» ដែលនឹងមកដល់នៅ ថ្ងៃទី ១០ ខែមីនា ខាងមុខនេះ។
តាមសេចក្តីរាយការណ៍របស់ Aljazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ដោយដកស្រង់បន្តពីសារព័ត៌មានអ៊ីស្រាអែល Ynet បានស្រង់សម្តីមន្ត្រីអ៊ីស្រាអែលដែលមិនផ្តល់អត្តសញ្ញាណ ដែលនិយាយថា អ៊ីស្រាអែលមិនទៅចូលរួមចរចាទេ។
សេចក្តីរាយការណ៍នោះលើកឡើងថា៖«មិនមានគណៈប្រតិភូអ៊ីស្រាអែលមកដល់ទីក្រុងគែរទេ។ ក្រុមហាម៉ាស់ បដិសេធ ដើម្បីផ្តល់ចម្លើយច្បាស់លាស់ ព្រោះហេតុដូច្នោះ គ្មានហេតុផលដើម្បីបញ្ជូនគណៈប្រតិភូអ៊ីស្រាអែលទេ»។
កាលពីសប្តាហ៍មុន ខណៈមានការរំពឹងខ្ពស់លើការចរចា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានព្រលយពីលទ្ធភាពទទួលបានបទឈប់បាញ់ថ្មីជាលើកទី ២ ដែលនឹងចូលជាធរមាននៅដើមសប្តាហ៍នេះ។
ខណៈការចរចាដែលត្រូវបានរំពឹងទុកសម្រាប់ថ្ងៃចន្ទ អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាម៉ាឡា ហារីស (Kamala Harris) កាលពីថ្ងៃទី ៣ ខែមីនា បានទាមទារឱ្យក្រុមហាម៉ាស់ ដែលជាសកម្មប្រយុទ្ធ ប៉ាឡេស្ទីន យល់ព្រមលើបទឈប់បាញ់រយៈពេល ៦ សប្តាហ៍ជាបន្ទាន់។
អនុប្រធានាធិបតីអាមេរិកក៏ជំរុញដល់ភាគីអ៊ីស្រាអែល ឱ្យធ្វើបន្ថែមទៀតដើម្បីជំរុញការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ជាកន្លែងមានប្រជាជនស្លូតត្រង់កំពុងទទួលរង «មហន្តរាយមនុស្សធម៌»។បទឈប់បាញ់ដែលគ្រោងធ្វើនេះផ្តោតលើការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីន និងការបង្កើនសកម្មភាពផ្តល់ជំនួយមនុស្សធម៌៕