កសិករ​ឥណ្ឌា ​គ្រោង​នឹង​ដង្ហែ​ទៅកាន់​រដ្ឋធានី​ញូវដែលី​ នៅ​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជំរុញ​បន្ថែមទៀត នូវ​ការទាមទារ​ដើម្បីឱ្យ​តម្លៃ​ដំណាំ​កើនឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​ជាច្រើន​ជុំ​មិនបាន​ជោគជ័យ​។​​ មេដឹកនាំ​សហជីព​កសិករ​លោក Jagjit Singh Dallewal​​ ដែល​កំពុង​ស្វែងរក​ការធានា​ការគាំទ្រ​ពី​រដ្ឋ​ឬ​តម្លៃ​ទិញ​អប្បបរមា ​សម្រាប់​កសិផល​របស់​កសិករ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​នៅ​ថ្ងៃទី ៦ ​ខែមីនា​ កសិករ​ទូទាំង​ប្រទេស​នឹង​មក​ទីក្រុង​ដែ​លី ដោយ​រថភ្លើង​រថយន្ត​ក្រុង និង​ផ្លូវអាកាស​។​លោ​កថា​កសិករ​ក៏​នឹង​បិទផ្លូវ​រថភ្លើង​នៅ​ទូទាំងប្រទេស​ផងដែរ​នៅ​ថ្ងៃទី​ ១០ ខែមីនា​។​

​ការតវ៉ា​របស់​កសិក​រ​ឥណ្ឌា បានចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ​ដោយ​កសិករ​រាប់រយ​នាក់​នៅ​រដ្ឋ Punjab ផ្តើមធ្វើ​យុទ្ធនាការ​របស់​ពួកគេ​ឆ្ពោះទៅកាន់​ទីក្រុង​ដែ​លី​។ ក្រុមបាតុករ​មិន​បញ្ឈប់​យុទ្ធនាការ​របស់ខ្លួន​ឡើយ​បើ​ទោះ​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស​និង​ទាហាន​ប៉ា​រ៉ា​ម្តង​រួចមកហើយ​នៅ Shambhu ជាប់​ព្រំដែន​ជាមួយ​រដ្ឋ Haryana ជិតខាង​ដែលមាន​ចម្ងាយ​ប្រហែល​ ២០០​ គីឡូម៉ែត្រ​ពី​រដ្ឋធានី​។​

​រដ្ឋាភិបាល​ឥណ្ឌា កន្លងមក​ដែល​បានប្រកាស​គាំទ្រ​ដើម្បី​បង្កើន​តម្លៃ​ដំណាំ​ជាង ​២០ ​ប្រភេទ​ក្នុង ១ ​ឆ្នាំ​ក៏ប៉ុន្តែ​ភ្នាក់ងាររដ្ឋ​ទិញ​តែ​ស្រូវ​និង​ស្រូវ​សាលី ​ដែល​វា​ផ្តល់​ផលប្រយោជន៍​ដល់​កសិករ​តែ​ ៦​ ភាគរយ​ឬ​កសិករ​ ដែល​ដាំ​ដំណាំ​ ២ ​ប្រភេទ​នេះ​ប៉ុណ្ណោះ​។​

​នៅ​ឆ្នាំ​ ២០២១ ​នៅពេលដែល​រដ្ឋបាលរ​បស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi លុបចោល​ច្បាប់​កសិកម្ម រដ្ឋា​​ភិ​បាល​បាន​បញ្ជាក់ថា ខ្លួន​នឹង​បង្កើត​ក្រុម​អ្នក​ដាំ​ដុះ​និង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ស្វែង​រកម​ធ្យោ​បាយ​ធានា​តម្លៃ​គាំទ្រ​សម្រាប់​ផលិតផល​កសិកម្ម​ទាំងអស់​។​ក៏ប៉ុន្តែ​រហូតមកទល់​ឆ្នាំ​ ២០២៤ ​ពុំមាន​សញ្ញា​វិជ្ជមាន​ណាមួយ​កើតមានឡើង ទើប​ការតវ៉ា​របស់​កសិករ​ក៏​ផ្តើម​រីកធំឡើង​៕​