តំបន់អឺរ៉ុបដែលជាប្លុកឈានមុខគិតគួរពីបញ្ហាបរិស្ថាន ពេលនេះសម្រេចបានសេចក្តីព្រាងច្បាប់មួយដែលនឹងហាមប្រាមការប្រើប្រាស់ថង់ប្លាស្ទិកដែលប្រើម្តងរួចបោះចោល (single-use plastics) ដែលមន្ត្រីនិយាយថា នេះជាវិវឌ្ឍន៍ចុងក្រោយដើម្បីរួមចំណែកដល់គោលនយោបាយបៃតង។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា ក្រុមមន្ត្រីបាននិយាយថា អ្នកចរចារបស់សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី ៤ ខែមីនា ដើម្បីហាមឃាត់ការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែម្តងរួចបោះចោល នៅក្នុងហាងកាហ្វេ និងភោជនីយដ្ឋានចាប់ពីឆ្នាំ ២០៣០ ក្រោមច្បាប់ថ្មីដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកដែលកើតចេញពីការវេចខ្ចប់នៅទូទាំងតំបន់អឺរ៉ុប។
ប្រទេស សមាជិកអឺរ៉ុបទាំង២៧និងសមាជិកសភាសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើសេចក្តីព្រាងអត្ថបទច្បាប់ដែលកំណត់គោលដៅនៃការកាត់ សំណល់វេចខ្ចប់ក្នុងប្លុកអឺរ៉ុបចំនួន ៥ភាគរយនៅឆ្នាំ២០៣០បើធៀបនឹងបរិមាណសំណល់នៅក្នុងឆ្នាំ២០១៨។
គោលបំណងគឺដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបាន ១០ភាគរយនៅឆ្នាំ ២០៣៥ និង ១៥ភាគរយនៅឆ្នាំ២០៤០។
អត្ថបទច្បាប់ដែលបានព្រាងនោះគឺជាធាតុសំខាន់នៃគោលដៅបរិស្ថានរបស់ អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងបៃតង ដែលជាសំណុំនៃច្បាប់សម្រាប់ការជួយប្លុកអឺរ៉ុបឱ្យសម្រេចបានគោលដៅអាកាសធាតុរបស់ខ្លួន។
រដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិក ដែលកាន់តំណែងជាប្រធានសហភាពអឺរ៉ុបវិលជុំ បាននិយាយនៅលើ បណ្តាញសង្គម X.ថា៖«បញ្ញត្តិនេះមានបំណងកាត់បន្ថយកាកសំណល់បណ្តាលមកពីការវេចខ្ចប់ ធ្វើឱ្យមាននិរន្តរភាព ខណៈដែលធានាស្តង់ដាគ្រប់គ្រងសំណល់កម្រិតខ្ពស់បំផុត»។
ប្លាស្ទិកក្នុងការផ្តល់សេវាកម្មម្ហូបអាហារចល័តគឺជាបេះដូងនៃការចរចាដ៏ល្វីងជូរចត់ បន្ទាប់ពីមានការបញ្ចុះបញ្ចូលយ៉ាងខ្លាំងក្លាដោយក្រុមហ៊ុនអាហាររហ័ស និងឧស្សាហកម្មក្រដាស ដែលបាននិយាយថាការវេចខ្ចប់ក្រដាសកាតុងធ្វើកេសអាចកែច្នៃឡើងវិញបាន ឬពីព្រៃឈើប្រកបដោយនិរន្តរភាព គឺមិនប៉ះពាល់ដល់បរិស្ថានជាងប្លាស្ទិកទេ។
ការហាមប្រាមការវេចខ្ចប់ប្លាស្ទិកប្រើតែ១ដង រួចចោលពីឆ្នាំ ២០៣០ក៏នឹងអនុវត្តផងដែរចំពោះការវេចខ្ចប់ ផ្លែឈើ និងបន្លែស្រស់ដែលមិនទាន់កែច្នៃ ផ្នែកផលិតផលដោយឡែកៗ ដូចជាគ្រឿងទេស និងស្ករ ក៏ដូចជាសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹកខ្នាតតូច និងថង់រួញសម្រាប់វ៉ាលីសក្នុងអាកាសយានដ្ឋានផងដែរ។
ថង់ប្លាស្ទិកទម្ងន់ស្រាលបំផុតក៏នឹងត្រូវហាមឃាត់ផងដែរ ដោយមានករណីលើកលែងមួយចំនួន។
លោកស្រី Frederique Ries សមាជិកសភាសហភាពអឺរ៉ុបរបស់ប្រទេសបែលហ្ស៊ិកដែលបានជំរុញអត្ថបទច្បាប់នោះ តាមរយៈសភាបាននិយាយថា «ជាលើកដំបូងនៅក្នុងច្បាប់បរិស្ថាន សហភាពអឺរ៉ុបកំពុងកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់វេចខ្ចប់ដោយមិនគិតពីសម្ភារប្រើប្រាស់»។
លោកស្រីបាននិយាយថា៖«យើងអំពាវនាវឱ្យគ្រប់វិស័យឧស្សាហកម្ម បណ្តាប្រទេសសហភាពអឺរ៉ុប និងអ្នកប្រើប្រាស់ចូលរួមរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការវេចខ្ចប់ដែលលើស»៕