ផ្លូវនានានៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ កាលពីថ្ងៃទី ៤ ខែមីនា ធ្វើឱ្យអ្នកដំណើរពិបាកក្នុងការមើលយ៉ាងខ្លាំង ដោយសារតែការបំពុលបរិយាកាសដែលបណ្តាលមកពីកម្រិតភាគល្អិតកម្រិតខ្ពស់ចេញពីការបំភាយរថយន្ត និងល្អងធូលី ដែលទាក់ទងនឹងសំណង់។
កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ដែលគេស្គាល់ថា PM2.5 នៅក្នុងខ្យល់នៅទីក្រុងហាណូយគឺនៅកម្រិត ១៨៧ មីក្រូក្រាម ក្នុង ១ ម៉ែត្រគុប កាលពីល្ងាចថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុតចំណោមបញ្ជីទីក្រុងអន្តរជាតិ ដែលមានការបំពុលខ្យល់បំផុត។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន Air Visual ដែលផ្តល់ព័ត៌មានបំពុលបរិយាកាសសកលដោយឯករាជ្យតាមរយៈកម្មវិធីទូរស័ព្ទ។
លោក Duong Kim Oanh អាយុ ៥៨ ឆ្នាំរស់នៅទីក្រុងហាណូយបាននិយាយថា៖ «នេះជាការបំផ្លាញសុខភាពរបស់យើង ហើយខ្ញុំគិតថាការបំពុលរបស់ទីក្រុងហាណូយ គឺបណ្តាលមកពីយានយន្តផ្ទាល់ខ្លួនមួយចំនួនធំ និងល្អងធូលី ចេញពីសំណង់ទាំងអស់បូករួមទាំងអាកាសធាតុត្រជាក់»។
ដោយឡែកបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០២១ បានឱ្យដឹងថា ការបំភាយចេញពីយានជំនិះចំនួន ៨ លានគ្រឿង ដែលបានចុះបញ្ជីរបស់ទីក្រុងហាណូយ បានបង្កើត ៣០% នៃការបំពុលបរិយាកាសចំណែកការបំភាយឧស្ម័នចេញពីឧស្សាហកម្មមាន ៣០% ផ្សេងទៀត។
លោក Pham Thi Phuong ពលរដ្ឋក្នុងទីក្រុងហាណូយម្នាក់ទៀតបាននិយាយថា ការបំពុលខ្យល់ នឹងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សធ្វើឱ្យមនុស្សមានអារម្មណ៍ឈឺឬថប់ដង្ហើម។
កាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅមានជើងហោះហើរជិត ១០០ ទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងហាណូយ ត្រូវបានពន្យារពេល ឬបង្វែរទៅទីក្រុងផ្សេងទៀត ដោយសារចុះអ័ព្ទខ្លាំង និងការបំពុលខ្យល់ស្ថិតក្នុងកម្រិតអាក្រក់ខ្លាំងពេក៕