ក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសភាអឺរ៉ុបនៅថ្ងៃអង្គារនេះបានសម្រេចលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីហាមឃាត់ការនាំចូលទៅទីផ្សាររួមអឺរ៉ុប នូវផលិតផលដែលប្រើកម្លាំងពលកម្មដោយបង្ខំក្នុងផលិតកម្ម។
កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីទំនួលខុសត្រូវផ្សេងៗគ្នារបស់គណៈកម្មការសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក ក្នុងការកំណត់អត្តសញ្ញាណក្រុមហ៊ុនណា ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករដោយបង្ខំ ហើយហាមឃាត់ផលិតផលរបស់ក្រុមហ៊ុននោះ។
លោក Pierre-Yves Dermagne រដ្ឋមន្ត្រីក្រសួងការងារ និងសេដ្ឋកិច្ចរបស់បែលហ្ស៊ិក ដែលបច្ចុប្បន្នជាប្រទេសប្រធានប្ដូរវេនរបស់ប្លុកអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងនេះមានបំណងបំបែករបៀបនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនបែបនោះ។
លោកបានបន្តថា៖ «ជាមួយនឹងបទប្បញ្ញត្តិនេះ យើងចង់ធ្វើឱ្យប្រាកដថា ទីផ្សាររួមរបស់យើងនឹងមានមានចរាចរណ៍ផលិតផលរបស់ពួកគេទេ មិនថាផលិតនៅអឺរ៉ុប ឬនៅបរទេសនោះទេ»។
ការហាមប្រាមនឹងត្រូវបានអនុវត្តលើទំនិញដែលផលិតនៅក្រៅសហភាពអឺរ៉ុប ដែលប្រើកម្លាំងពលកម្មដោយបង្ខំ និងលើផលិតផលដែលផលិតនៅក្នុងសហភាពអឺរ៉ុប ដែលជាប់គ្រឿងបន្លាស់ផលិតនៅបរទេសដោយប្រើកម្លាំងពលកម្មដោយបង្ខំ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងបណ្ដោះអាសន្នដដែល នៅតែត្រូវអនុម័តជាផ្លូវការដោយសភាអឺរ៉ុប និងក្រុមប្រឹក្សា ដើម្បីអនុវត្តវា។ នេះបើតាមរ៉យទ័រ៕