នៅឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Sea ដែលជាក្រុមហ៊ុនដ៏ធំជាងគេទី៤ នៅក្នុងទីផ្សារភាគហ៊ុននៅសិង្ហបុរី បានប្រកាសពីការរំពឹងទុករបស់ខ្លួនក្នុងការទទួលបានប្រាក់ចំណេញប្រចាំឆ្នាំជាលើកទីជាប់ៗគ្នា បន្ទាប់ពីបានអនុវត្តវិធានការកាត់បន្ថយចំណាយជាច្រើន។
ក្រុមហ៊ុន Sea បានផ្ដោតទៅលើសេវាកម្មបី រួមមាន Garena ដែលផ្ដោតទៅលើការបង្កើតហ្គេមអនឡាញ Shopeeផ្ដោតទៅលើពាណិជ្ជកម្មអេឡិចត្រូនិក និង SeaMoney ផ្ដោតទៅលើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថល។
ក្រុមហ៊ុនបច្ចេកវិទ្យាដែលបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងញូវយ៉កមួយនេះ បានចេញផ្សាយពីរបាយការណ៍ប្រាក់ចំណេញចំនួន ១៦២ លានដុល្លារសម្រាប់ឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីការខាតបង់ចំនួន ១,៦៥ ពាន់លានដុល្លារកាលពីឆ្នាំ២០២២។
តួលេខនៃប្រាក់ចំណូលកើនឡើងនេះ គឺមួយផ្នែកធំបានមកពីសេវាកម្មហិរញ្ញវត្ថុឌីជីថល ពោលគឺឥណទានបុគ្គល និងសាជីវកម្មមានការកើនឡើង ធ្វើឱ្យសម្រេចបានប្រាក់ចំណេញសុទ្ធក្នុងឆ្នាំដំបូងគួរឱ្យកត់សម្គាល់។
លោក ហ្វ័ររ៉េស លី (Forrest Li) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីក្ដីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញបន្ថែមទៀត ប៉ុន្តែលោកមិនបានផ្ដល់តួលេខជាក់លាក់នោះទេ។
នៅឆ្នាំ២០២៣ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនបានឈានដល់ ១៣ ពាន់លានដុល្លារ កើនឡើង ៥% ក្នុងនោះ ប្រាក់ចំណូលពី Shopee បានកើនឡើងចំនួន ៩,៧៧ ពាន់លានដុល្លារ ស្មើនឹង ៣១% ខណៈដែលប្រាក់ចំណូលរបស់ Garenaបានធ្លាក់ចុះ ៤៤% មកនៅត្រឹម ២,១៧ ពាន់លានដុល្លារ ដោយសារការថយចុះចំនួនអ្នកប្រើប្រាស់កម្មវិធីហ្គេមក្រោយវិបត្តិកូវីដ១៩ បានបញ្ចប់ទៅ។
តម្លៃភាគហ៊ុននៅពេលផ្សារហ៊ុនបិទរបស់ក្រុមហ៊ុន Sea បានកើនឡើង ៥,៦% នៅផ្សារភាគហ៊ុនទីក្រុងញូវយ៉ក បន្ទាប់ពីបានកើនឡើងរហូតដល់ ១១% កាលពីពេលថ្មីៗនេះ។ គួរដឹងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាអាស៊ីអាគ្នេយ៍មួយនេះបានផ្ដោតទៅលើការកាត់បន្ថយចំណាយលើការផ្សព្វផ្សាយយ៉ាងច្រើន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់វិនិយោគិន និងដើម្បីអាចរកបានប្រាក់ចំណេញខ្លះ បន្ទាប់ពីការខាតបង់ជាច្រើនឆ្នាំ។
ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុននេះបានប្រកាសប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន បន្ទាប់ពីបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដូចជាការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងការរក្សាកម្រិតប្រាក់ខែបុគ្គលិកឱ្យនៅថេរជាដើម។
យ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០២៣ មក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការប្រកួតប្រជែងពីដៃគូប្រជែងក្នុងតំបន់ ដូចជាក្រុមហ៊ុន TikTok របស់ ByteDance ក្រុមហ៊ុន Sea បានប្រកាសពីផែនការបង្កើនការវិនិយោគនៅក្នុងអាជីវកម្មអេឡិចត្រូនិករបស់ខ្លួន។
ក្រុមហ៊ុន Sea ក៏បានប្រកាសជាមុនផងដែរថា ការវិនិយោគបន្ថែមទៅលើកម្មវិធីផ្សាយបន្តផ្ទាល់ និងការដឹកជញ្ជូន អាចបណ្តាលឱ្យមានការប៉ះពាល់ដល់ផ្នែក Shopee និងក្រុមហ៊ុនទាំងមូល។ យ៉ាងណាមិញ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ លោកនាយកប្រតិបត្តិ លី បាននិយាយថា Shopee បានជ្រៀតចូលមួយផ្នែកធំទៅក្នុងទីផ្សារនៅឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ នេះ លោកក៏រំពឹងថានឹងអាចរក្សាវត្តមានបានដូចដើម។
នៅឆ្នាំ២០២៣ ក្រុមហ៊ុនបានផ្តោតលើការវិនិយោគលើពាណិជ្ជកម្មអេឡិចត្រូនិក ប៉ុន្តែបានខាតបង់អស់ចំនួន ១១១ លានដុល្លារសម្រាប់រយៈពេលពីខែតុលា ដល់ខែធ្នូ ធ្លាក់ចុះពីប្រាក់ចំណេញដែលទទួលបានចំនួន ៤២២ លានដុល្លារក្នុងអំឡុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
នេះជាការខាតបង់ប្រចាំត្រីមាសទី២របស់ក្រុមហ៊ុន បើទោះបីជាចំនួននេះបានថយចុះពីការខាតបង់ ១៤៤ លានដុល្លារក្នុងរយៈពេល៣ខែមុនក៏ដោយ។ សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Sea បានរំពឹងថាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននឹងទទួលបានផលចំណេញនៅក្នុងឆមាសទី២៕