រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានឱ្យដឹងនៅថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ នឹងបង្កើនចំនួនសមយុទ្ធមីស៊ីលក្នុងឆ្នាំនេះ ចំពេលមានកំណើនសម្ពាធយោធាពីចិន ដើម្បីបង្ខំឱ្យកោះនេះទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្រៅសភា លោក Chiu បាននិយាយថា ក្រសួងនឹងបង្កើនចំនួនសមយុទ្ធមីស៊ីល ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែងរបស់សត្រូវ»។ លោកបន្តថា កាលពីអតីតកាល សមយុទ្ធមីស៊ីលត្រូវបានធ្វើឡើងតែប៉ុន្មានដងក្នុងមួយឆ្នាំប៉ុណ្ណោះ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់អាកាសចរណ៍ និងជីវិតប្រចាំថ្ងៃ។
រដ្ឋមន្រ្តីដដែល និយាយថា៖«យើងត្រូវពិចារណាលើការជំរុញការហ្វឹកហ្វឺនរបស់យើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់សត្រូវ» ដោយបន្ថែមថា បរិមាណគ្រាប់រំសេវដែលប្រើក្នុងសមយុទ្ធនឹងស្របតាមបទប្បញ្ញត្តិ។ លោកមិនបានបញ្ជាក់លម្អិតលើបញ្ហានេះនោះទេ។
ចិនទទូចទាមទារតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងបែបប្រជាធិបតេយ្យ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្ដេជ្ញាថានឹងប្រើកម្លាំងវាយយក ប្រសិនបើចាំបាច់។ ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនជុំវិញកោះ រួមទាំងការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាដើម ដែលបង្កឱ្យភាពតានតឹងកាន់តែខ្លាំងទៅៗ។
ការប្រកាសបង្កើនសមយុទ្ធមីស៊ីលរបស់តៃវ៉ាន់ ត្រូវបានគេឃើញថា ធ្វើឡើង ខណៈមានរបាយការណ៍ ពីរ៉យទ័រ កាលពីថ្ងៃអង្គារដដែលថា ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ៧,២ ភាគរយនៅឆ្នាំនេះ។ អត្រានេះដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែខ្ពស់ជាងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល៕