ប្រមុខ​ទីភ្នាក់ងារ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​របស់​អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini ​បាន​ព្រមាន​ឱ្យ​ដឹង​​កាលពី​ថ្ងៃទី៤​ ខែមីនា​ អំពី​​ការ​ធ្វើ​«យុទ្ធនាការ​​ប្រកប​ដោយ​​ចេតនា និង​រួមគ្នា» ក្នុង​គោលបំណង​បញ្ចប់​ប្រតិបត្តិការ​របស់​​ភ្នាក់ងារ​នេះ​​​ជួយ​ជនរងគ្រោះ​​ក្នុងសង្គ្រាម​នៅ​ប៉ាឡេស្ទីន។​ 

​រដ្ឋាភិបាល​អ៊ីស្រាអែល​​កាល​ពី​ចុង​ខែ​មករា​​ បាន​ចោទប្រកាន់​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​​នេះ​ថា​បានផ្តល់​ការងារ​ដល់​កង​កម្លាំង​​​​ហាម៉ាស់​​​ និង​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត​​ចំនួន​៤៥០​នាក់​​​ដើម្បី​បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌអង្គការ​សហប្រជាជាតិ។​

យោងការ​ផ្សាយរបស់រ៉យទ័រ លោក Philippe Lazzarini មិនបាន​និយាយ​​អ្វីជាក់​លាក់​​ចំពោះ​ការចោទប្រកាន់​ចុងក្រោយ​ដែល​​ធ្វើឡើង​ដោយ​យោធា​អ៊ីស្រាអែល​នោះទេ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ដល់​នាយករដ្ឋមន្ត្រី ​អ៊ីស្រាអែល បេនចាមីន ណេតាន់​យ៉ាហ៊ូ​ (Benjamin Netanyahu) សម្រាប់​ការ​ថ្លែង​​ដោយ​​​បើក​ចំហ​ថា UNRWA នឹង​មិនជា​ផ្នែក​មួយ​នៃ​តំបន់​ហ្គា​ហ្សា​ក្រោយ​សង្គ្រាម​ទេ។

លោក Lazzarini ដែលជា​ប្រធាន​ទីភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ជិត​បូព៌ា (UNRWA) បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា៖​«UNRWA កំពុង​ប្រឈមមុខ​នឹង​យុទ្ធនាការ​ដោយ​ចេតនា និង​រួមគ្នា​​ដើម្បី​ធ្វើឱ្យ​ខូច​ប្រតិបត្តិការ​របស់ខ្លួន ហើយ​ទីបំផុត​ត្រូវ​បញ្ចប់»។

លោក​បាន​បន្តថា៖«ការអនុវត្ត​ផែនការ​នេះ​កំពុងដំណើរការ​រួចហើយ​ជាមួយនឹង​ការបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​នៅ​ទូទាំង​តំបន់​ហ្គាហ្សាស្ទ្រីប​។ ​ការរំលាយ UNRWA គឺ​មើល​ឃើញ​​ឆាប់ៗ​នេះ​ហើយ​។ តាមរយៈ​ការធ្វើ​ដូច្នេះ យើង​នឹង​លះបង់​គ្រប់​ជំនាន់​របស់​កុមារ ដោយ​សាប​ព្រោះ​​គ្រាប់ពូជ​នៃ​ការ​ស្អប់ ការ​អាក់អន់ចិត្ត និង​ជម្លោះ​នាពេល​អនាគត»។

លោក Lazzarini បាន​ប្រាប់អង្គសន្និបាត​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន ១៩៣​នាក់​តំណាង​ប្រទេស​ជា​សមាជិក ​ថា UNRWA កំពុង «ដំណើរការ​ដោយផ្ទាល់​មាត់» បន្ទាប់​ពី​​ប្រទេស​ចំនួន ១៦​បាន​ផ្អាក​ការផ្តល់​មូលនិធិ​សរុប​ចំនួន ៤៥០​លាន​ដុល្លារ​អាមេរិក នៅ​​ពេល​ដែល​​អ៊ីស្រាអែល​កាលពី​ខែមករា​បាន​ចោទប្រកាន់​បុគ្គលិក UNRWA ចំនួន១២​នាក់​ថា​​បាន​ចូល​រួម​ក្នុង​​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី​៧ខែ​តុលា​ ដែលរៀបចំ​ឡើង​ដោយ​​​​​ក្រុម​ហា​ម៉ាស៕​