លទ្ធផលនៃការស្ទង់មតិថ្មីមួយរបស់ សហព័ន្ធជាតិនៃសមាគមសហប្រតិបតិ្តការសាកលវិទ្យាល័យ (NFUCA) មានមូលដ្ឋាននៅប្រទេសជប៉ុន បានបង្ហាញថា និស្សិតសាកលវិទ្យាល័យម្នាក់ក្នុងចំនោម ២ នាក់ បានប្រើប្រាស់អត្ថបទដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT ហើយ និស្សិត ៣០ ភាគរយ ប្រើប្រាស់ AI បែបនេះជាមូលដ្ឋានទៀងទាត់។ យោងតាមការផ្សាយរបស់សារព័ត៌មានជប៉ុន The Yomiuri Shimbun។
ការស្ទង់មតិនោះបានធ្វើឡើងចំពោះនិស្សិតប្រហែល ១០០០០ នាក់។ កម្មវិធីថ្នាលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ChatGPT ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក OpenAI ត្រូវបានបញ្ចេញជាសាធារណៈដោយឥតគិតថ្លៃនៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ហើយបានឃើញការទទួលយកប្រើប្រាស់ពេញពិភពលោក។
ការស្ទង់មតិបានរកឃើញថានៅក្នុងប្រទេសជប៉ុន ការប្រើប្រាស់កំពុងកើនឡើងក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ។
និស្សិតថ្នាក់បរិញ្ញាបត្រសរុបចំនួន ៩៨៧៣ នាក់នៅសាកលវិទ្យាល័យជាតិ រដ្ឋ និងឯកជនចំនួន ៣១ ក្នុងប្រទេសជប៉ុនបានឆ្លើយតបទៅនឹងការស្ទង់មតិដែលបានធ្វើឡើងចាប់ពីខែតុលាដល់ខែវិច្ឆិកា ហើយនេះជាការស្ទង់មតិលើកដំបូងដែលសួរផ្តោតលើការប្រើប្រាស់ AI ក្នុងចំណោមនិស្សិតនៅប្រទេសជប៉ុន។
សិស្សដែលបានប្រើ ChatGPT ឬ កម្មវិធី AI បង្កើតឡើងផ្សេងទៀតមានចំនួន ៤៦,៧% នៃអ្នកឆ្លើយសំណួរដោយមាន ២៨,៩% ប្រើប្រាស់វាញឹកញាប់ និង ១៧,៨% មិនប្រើវាក្នុងពេលថ្មីៗនេះទេ។ សិស្សដែលមិនធ្លាប់ប្រើ AI ជំនាន់នោះមានចំនួន ៥០,៦% នៃអ្នកឆ្លើយសំណួរ ដោយ ២៨,២% និយាយថាពួកគេចង់ប្រើប្រាស់សេវាកម្មបែបនេះនាពេលអនាគត និង ២២,៤% នឹងមិនប្រើទេ៕