បារាំងបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលកាលពីថ្ងៃចន្ទដាក់បញ្ជូលសិទ្ធិរំលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមានការស្វាគមន៍យ៉ាងអនេកពីក្រុមសិទ្ធិស្ត្រី និងការរិះគន់យ៉ាងចាស់ដៃពីក្រុមអភិរក្សនិយម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការដាក់បញ្ជូលនេះ ធ្វើឡើងតាមរយៈការបោះឆ្នោតក្នុងសភាទាំង ២ របស់បារាំង ដោយសមាជិកសភា និងព្រឹទ្ធសមាជិកបានគាំទ្រយ៉ាងច្រើនលើសលប់ចំពោះការបោះជំហាននេះ ដោយមានសំឡេងគាំទ្រ ៧៨០ ទល់នឹងសំឡេងប្រឆាំង ៧២។
សកម្មជនសិទ្ធិរំលូតកូន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉ារីស ដើម្បីបង្ហាញការអបអរសាទរ ទាំងដាក់បង្ហាញសារថា៖ «ខ្លួនរបស់ខ្ញុំ ជាជម្រើសរបស់ខ្ញុំ» ឬ «MyBody My Choice»។
សិទ្ធិរំលូតកូនទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំង ជាងនៅសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនទៀត ដោយការស្ទង់មតិបង្ហាញថា ប្រជាជនបារាំងប្រហែល ៨០ ភាគរយគាំទ្រការពិតដែលថា ការរំលូតកូនគឺស្របតាមច្បាប់។
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រាប់សមាជិកសភា មុនការបោះឆ្នោតកាលពីថ្ងៃចន្ទថា៖ «យើងនឹងផ្ញើសារទៅកាន់ស្ត្រីទាំងអស់ថារាងកាយរបស់អ្នក ជារបស់អ្នក ហើយគ្មាននរណាម្នាក់អាចសម្រេចចិត្តសម្រាប់អ្នកបានទេ»។
ស្ត្រីក្នុងប្រទេសបារាំង មានសិទ្ធិស្របច្បាប់ក្នុងការរំលូតកូនតាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ ទោះបីដំបូងៗឡើយ ច្បាប់នេះរងការរិះគន់យ៉ាងចាស់ដៃក៏ដោយ។ ការដាក់សិទ្ធិរលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញនាពេលនេះ ក៏រងការរិះគន់ធ្ងន់ៗផងដែរ ជាពិសេសពីក្រុមអភិរក្សនិយម ដែលនិយាយថា ការរំលូតកូនប្រៀបបានទៅនឹងការសម្លាប់មនុស្សម្នាក់ផងដែរ។
ទន្ទឹមជាមួយគ្នានេះ មេដឹកនាំគណបក្សនយោបាយស្ដាំនិយមជ្រុលដែលជាដៃគូប្រជែងនយោបាយដ៏ខ្លាំងនៅក្នុងប្រទេសបារាំង លោកស្រី Marine Le Pen ដែលគាំទ្រសិទ្ធិរំលូតកូនដែរនោះបាននិយាយថា ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានប្រើការដាក់បញ្ចូលសិទ្ធិរំលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញបារាំងនាពេលនេះដើម្បីទាញការគាំទ្រផ្នែកនយោបាយ ព្រោះប្រជាជនភាគច្រើនគាំទ្រច្បាប់នេះយូរមកហើយ៕