បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក​ សេដ្ឋា ថា​វី​ស៊ីន បានប្រកាស​កាលពី​ខែ​មុន​ ថា សិង្ហ​បុរី ​បាន​ចុះកិច្ចសន្យា​ផ្តាច់មុខ​ជាមួយ​តារាចម្រៀង ថេ​យ​ឡឺ ស្វ៊ី​ហ្វ (Taylor Swift) និង​មានការ​លើកឡើងថា ​នាយករដ្ឋមន្ត្រី​ថៃ​ ច្រណែន​សិង្ហ​បុរី​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ស្រាយ​បំភ្លឺ​កាលពី​ថ្ងៃទី៥ ខែមីនា​ ថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី មិនមែន​សំដៅលើ​ការរិះគន់ ឬ​បង្ហាញ​ការ​ច្រណែន​ចំពោះ​សិង្ហ​បុរី​នោះទេ។

អ្នកនាំពាក្យ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ថៃ លោក ឆៃ វ៉ាត​ឆា​រ៉ុង (Chai Watcharong) បាន​បញ្ជាក់ថា លោក សេដ្ឋា បាន​លើក​ប្រធានបទ​ពី​តារា​នេះ​ឡើង គឺ​ដើម្បី​កោតសរសើរ​ដល់​ប្រទេស​សិង្ហ​បុរី​តែប៉ុណ្ណោះ។ លោក ឆៃ បាន​លើកឡើងថា ៖«សំណើ​របស់​សិង្ហ​បុរី​បានបង្ហាញ​ពី​ភាពក្លាហាន និង​ការផ្តួចផ្តើម​គំនិត​ដែលនាំឱ្យ​ក្រុម​របស់​កញ្ញា​ថេ​យ​ឡឺ ស្វ៊ី​ហ្វ យល់ព្រម​ចុះកិច្ចសន្យា​សម្តែង​ផ្តាច់មុខ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​នេះ​យ៉ាងច្រើន»។

លោក សេដ្ឋា បាន​ថ្លែង​ក្នុង​សន្និសីទ​ធុរកិច្ច​មួយ​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ អំពី​ការផ្តល់ជូន​នូវ​ទឹកប្រាក់​ជាច្រើន​របស់​សិង្ហ​បុរី ដើម្បី​ទទួលបាន​ការសម្តែង​ផ្តាច់មុខ​ពី​កញ្ញា​ថេ​យ​ឡឺ នៅក្នុង​ប្រទេស​របស់ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ 

លោក សេដ្ឋា បាន​រំលេច​ថា អ្នករៀបចំ​ការប្រគំ​តន្ត្រី​AEG របស់​កញ្ញា ថេ​យ​ឡឺ បាន​ប្រាប់​លោក​ថា សិង្ហ​បុរី​បានផ្តល់​ទឹកប្រាក់​ចន្លោះ​ពី ២លាន​ដុល្លារ​ទៅ ៣ លាន​ដុល្លារ​ក្នុង ១ កម្មវិធី​ដើម្បី​បាន​សម្ដែង​ផ្តាច់មុខ។ យ៉ាងណាក៏ដោយ តួលេខ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​ចំនួន​សរុប​សម្រាប់​កម្ម​វិធី​ទាំង ៦មិនមែន​ក្នុង១កម្មវិធី​នោះទេ។

ទន្ទឹមនឹងនេះ សមាជិកសភា​ហ្វីលីពីន​ម្នាក់​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រទេស​សិង្ហ​បុរី ដោយ​បញ្ជាក់ថា វា​មិនមែនជា​ការល្អ​នោះទេ​ដែល​ប្រទេសជិតខាង​ធ្វើ​ដូច្នេះ។ ការណ៍​នេះ​បាន​នាំឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាននាំគ្នា​រាយការណ៍​ផ្តោតលើ​ការមិនសប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​សិង្ហ​បុរី។

យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ាន​ឡុង (Lee Hsien Loong)បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​ថា លោក​មិនបាន​ចាត់ទុក​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​តារាចម្រៀង​នេះ​ថា​ជា​ទង្វើ​មិន​រាក់ទាក់​ចំពោះ​ប្រទេសជិតខាង​នោះទេ។

លោក លី​បាន​ឆ្លើយបំភ្លឺ​ទៅកាន់​សំណួរ​មួយ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អាន់​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) ថា៖«បណ្ដា​ភ្នាក់ងារ​របស់​យើង​បាន​ជួបចរចា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​របស់​កញ្ញា ថេ​យ​ឡឺ ដើម្បី​ទៅ​សម្តែង​ផ្តាច់មុខ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ពោលគឺ​សម្ដែង​តែ១ ប្រទេស​គត់​នៅ​អាស៊ីអាគ្នេយ៍»។

ដោយឡែក លោក ឆៃ ក៏បាន​ធ្វើការ​ស្រាយ​បំភ្លឺ​ចំពោះ​ការអត្ថាធិប្បាយ​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ​ថា ៖ «សម្ដី និង​ចេតនា​របស់​នាយករដ្ឋមន្ត្រី​ទាក់ទង​នឹង​បញ្ហា​នេះ មិនមែនជា​ការរិះគន់ ឬ​ការបង្ហាញ​ភាព​ច្រណែន​ចំពោះ​ប្រទេស​សិង្ហ​បុរី​នោះទេ»។

លោក​ បាន​បន្ថែមថា ការលើកឡើង​របស់លោក សេដ្ឋា គឺ​ចង់​មានន័យថា ប្រទេស​ដែលមាន​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​គួរពិនិត្យមើល​វិធីសាស្ត្រ​របស់​សិង្ហ​បុរី។ លោក​បាន​បញ្ជាក់ថា​ការចុះកិច្ចសន្យា​ជាមួយ​តារាចម្រៀង​នេះ​គឺជា​រឿង​ធម្មតា ហើយ​គ្មាន​ហេតុផល​អ្វីដែល​សិង្ហ​បុរី​ត្រូវមាន​អារម្មណ៍​អាម៉ាស់​នោះទេ។

លោក​សង្កត់ធ្ងន់ថា ៖«ដូចដែល​សិង្ហ​បុរី​បានបញ្ជាក់​ច្បាស់​ហើយ​ថា​កិច្ចសន្យា​ជាមួយ​តារាចម្រៀង​នេះ​មិនមែន​ធ្វើទៅបាន​ដោយ​គ្រាន់តែ​សិង្ហ​បុរី​ហ៊ាន​ផ្ដល់​ទឹកប្រាក់​ច្រើន​នោះទេ ដែល​នេះ​មានន័យថា ប្រទេស​នេះ​មាន​កត្តាផ្សេងៗទៀត​ជាច្រើន​ទើប​អាច​បញ្ចុះបញ្ចូល​ក្រុមការងារ​របស់​កញ្ញា ថេ​យ​ឡឺ​ឱ្យ​យល់ព្រម​ទទួល​ចុះកិច្ចសន្យា​ជាមួយ»។

លោក ឆៃ បាន​មានប្រសាសន៍ថា ៖«ខ្ញុំ​មានការ​សោកស្ដាយ​ជាខ្លាំង​ដែលមាន​មនុស្ស​មួយចំនួន​មាន​ចេតនា​បកស្រាយ​សម្ដី​របស់​នាយ​ក​រដ្ឋមន្ត្រី សេដ្ឋា ក្នុងន័យ​អវិជ្ជមាន ដូច្នេះហើយ​សូម​បញ្ឈប់​ការធ្វើ​បែបនេះ ព្រោះ​វា​អាច​នាំឱ្យមាន​ភាព​ប្រេះស្រាំ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង២»។

កញ្ញា ថេ​យ​ឡឺ បាន​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ចំនួន​បី​កម្មវិធី​រួចស្រេច​ហើយ ហើយ​កញ្ញា​នឹង​សម្ដែង​ចំនួន៣កម្មវិធី​ទៀត​នៅ​ថ្ងៃ​ខាងមុខ។ កម្មវិធី​ប្រគំ​តន្ត្រី​ចុងក្រោយ​គេ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ៕