ប្រទេសអូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃកាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អូស្ត្រាលី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាមួយអាស៊ាននៅទីក្រុងម៉ែលប៊ន ដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ប្រទេសជាមួយអាស៊ាន ទោះបីជាមានភាពខុសគ្នានៅទូទាំងសមាជិកទាំង ១០ របស់ប្លុក ស្តីពីផែនការរបស់ចិន ក្នុងការពង្រីកវត្តមានការទូត និងយោធានៅក្នុងតំបន់ក៏ដោយ។
សេចក្តីថ្លែងការណ៍រួមរបស់អូស្ត្រាលី និងអាស៊ាន បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ «ផ្អែកលើច្បាប់» នៅឥណ្ឌូប៉ាស៊ីហ្វិក ខណៈក្រុងប៉េកាំងសម្លឹងមើលការបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍បន្តថា៖«យើងទទួលស្គាល់អត្ថប្រយោជន៍នៃការមានសមុទ្រចិនខាងត្បូង ជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងលើកទឹកចិត្តឱ្យប្រទេសទាំងអស់ ជៀសវាងសកម្មភាពឯកតោភាគីណាមួយ ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
សេចក្តីថ្លែងការណ៍របស់ភាគីទាំង២ ធ្វើឡើងក្រោយហ្វីលីពីនកាលពីថ្ងៃអង្គារ បានកោះហៅអនុប្រធានបេសកកម្មការទូតចិនប្រចាំក្រុងម៉ានីល ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា«សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិន ប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើកោះថ្មប៉ប្រះទឹកមួយក្នុងសមុទ្រចិនខាងត្បូង។
ការប៉ះទង្គិចគ្នាបែបនេះ តែងកើតឡើងជារឿង ដោយភាគីចិន និងហ្វីលីពីន តែងទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក ខណៈចិនទាមទារដែនទឺកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល។
ក្រៅពីបញ្ហានៅសមុទ្រចិនខាងត្បូង អូស្រ្តាលី និងអាស៊ាន ក៏រួមគ្នារំឭកឡើងវិញផងដែរ នូវការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរក្នុងតំបន់ហ្គាហ្សា ហើយអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់។
សេចក្តីថ្លែងការណ៍និយាយថា៖«យើងថ្កោលទោសការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងអស់ ដែលនាំឱ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៃវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា រួមទាំងការរឹតត្បិតសិទ្ធិទទួលបានអាហារ ទឹក និងតម្រូវការមូលដ្ឋានផ្សេងទៀត»។
សេចក្ដីថ្លែងការណ៍បន្តយ៉ាងដូច្នេះថា៖ «យើងជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងឱ្យបានយូរអង្វែង»។
អាស៊ានរួមមានប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន ដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រ៊ុយណេជាដើម។ ប្រទេសទាំងនេះ មានជំហរគាំទ្រប៉ាឡេស្ទីន ខណៈអូស្ត្រាលីគឺជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ីស្រាអែល បើទោះបីជាប្រទេសនេះធ្លាប់បានអំពាវនាវឱ្យមានបទឈប់បាញ់ និងរិះគន់កម្រិតនៃអ្នកស្លាប់ និងរបួសក៏ដោយ៕