នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថៃ បង្ហាញ​ចិត្ត​​សប្បុរស​ចំពោះ​ភ្ញៀវទេសចរ​បរទេស ក្នុង​គោលបំណង​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​ទេស​​ចរណ៍​ ដែលជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​កាសែត Nation Thailand កាលពី​ថ្មី​នេះៗ​។​

ការអំពាវនាវ​យ៉ាង​ដូច្នេះ​របស់​នាយករដ្ឋមន្ត្រី​ថៃ ធ្វើឡើង​ក្រោយ​មានការ​ព្រួយបារម្ភ​អំពី​ភាព​ចម្រូង​​ចម្រាស​ដែល​កើតឡើង​នាពេល​ថ្មីៗ​នេះ​រវាង​ពលរដ្ឋ​ថៃ និង​ជន​បរទេស​ដែល​បាន​បង្ក​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ​។

លោក សេដ្ឋា បាន​ថ្លែងថា​៖ «​ពួកគេ​ ​[​ភ្ញៀវទេសចរ​] ចង់​ធ្វើដំណើរ​កម្សាន្ត​នៅទីនេះ ព្រោះ​ពួកគេ​ចូលចិត្ត​ប្រទេស​ថៃ​។ សូមមេត្តា​ជួយ​ដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការលើក​កម្ពស់​ទេសចរណ៍​ផង​។ វិស័យនេះ​គឺជា​ឧបករណ៍​ដ៏​សំខាន់ ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ថៃ​»​។​

កាលពី​ខែមករា ប៉ូលិស​ក្រុង​​ប៉ា​តា​យ៉ា បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ ពីបទ​ប្រើ​អាវុធ​គំរាម​អ្នកទេសចរ​បរទេស​ម្នាក់ ដោយសារតែ​បុរស​ថៃ​នោះ​តូច​​ចិត្ត​ដែល​ជនបរទេស​រូបនោះ មិន​ចាប់អារម្មណ៍​នឹង​ស្រា​បៀរ​ដែល​ខ្លួន​ដាក់លក់​។

កាលពី​ខែ​មុននេះ​ដែរ ប៉ូលិស​​ថៃ ក៏បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ថៃ​អាយុ​ ៤១ ​ឆ្នាំ​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ និង​ប្លន់​ស្ត្រី​ទេសចរ​ជន​​ជាតិចិន ក្នុងព្រៃ​ដាច់ស្រយាល​មួយ​ក្បែរ​ទីក្រុង​ប៉ា​តា​យ៉ា​។​

ថៃ​បានទទួល​ភ្ញៀវទេសចរ​បរទេស​ចំនួន ២៨ ​លាន​នាក់ ​កាលពី​ឆ្នាំមុន ដោយបាន​បាត់​បង់​តំណែង​របស់ខ្លួន​ក្នុងនាម​ជា​ជើងឯក​ទេសចរណ៍​អាស៊ី​​អាគ្នេយ៍ ទៅ​ម៉ាឡេស៊ី ដែលមាន​ទេសចរ​បរទេស​ទៅលេង​រហូតដល់ ២៩ ​លាន​នាក់​។

ក្នុងឆ្នាំនេះ ប្រទេស​ថៃ​ សម្លឹង​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ចំនួន ៣៥ លាន​នាក់ ប៉ុន្តែ​ហេតុការណ៍​ហិង្សា​នៅ​ថៃ បាន​បង្កក្តី​បារម្ភ​ដល់​វិស័យនេះ​៕