សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី៦ មីនា​ នៅតែ​បន្ត​អះអាងថា​ កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ហា​ម៉ាស់​នៅតែមាន​សង្ឃឹម ខណៈដែល​អាហ្វ្រិក​ខាងត្បូង​ឯណោះ​វិញ​បានស្នើ​សុំឱ្យ​តុលាការ​ពិភពលោក​ជួយ​ធ្វើ​អន្តរាគមន៍​បទ​ឈប់​បាញ់​នេះ​បន្តទៀត​ក្រោយ​វិបត្តិ​មនុស្សធម៌​កាន់តែ​អាក្រក់​ទៅ​ពី ១ ថ្ងៃ​ ទៅ ១ ថ្ងៃ។

ជាមួយគ្នានេះ​ក្រុម​អ្នកចរចា​ផ្សេងទៀត​ ដែលជា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុម​ហា​ម៉ាស់​ពោលគឺ​ក្រុម​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​កាន់សាសនា​អ៊ិ​ស្លាម​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​បទ​ឈប់​បាញ់​លេច​រូបរាង​ឡើង​ខណៈដែល​ពិធីបុណ្យ​សាសនា​របស់​ពួកគេ​នឹង​ចូល​មកដល់​នៅ​សប្ដាហ៍​ក្រោយ។

បើទោះបីជា​ការចរចា​នាពេលនេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ជាប់គាំង​ក៏ដោយ​ក៏​សហរដ្ឋអាមេរិក​នៅតែ​ជឿជាក់ថា​បទ​ឈប់​បាញ់​នៅតែ​អាចធ្វើ​ទៅបាន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Matthew Miller បាន​គូសបញ្ជាក់ថា៖ «បើទោះបី​ជាមាន​ឧបសគ្គ​នៅក្នុង​ការចរចា​ក្ដី​ប៉ុន្តែ​យើង​នៅតែ​បន្ត​ជឿជាក់ថា​យើង​នឹង​អាច​ជម្នះ​វា​បាន​ហើយ​នាំយកមក​នូវ​បទ​ឈប់​បាញ់​សម្រាប់​ភាគី​ទាំង២។

ដោយឡែក​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែមករា​បាន​នាំ​សំណុំរឿង​មួយ​ទៅ​តុលាការ​ពិភពលោក​នៅ​ទីក្រុង​ឡាអេ​ដោយ​ចោទប្រកាន់​អ៊ីស្រាអែល​ពីបទ​ប្រល័យពូជសាសន៍​នៅ​តំបន់​ហ្គា​ហ្សា។

ប៉ុន្តែ​ដោយ​មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​អាហ្វ្រិក​ខាងត្បូង​បាន​តឿន​តុលា​ការឱ្យ​ចូលរួម​ជំរុញ​ការចរចា​បទ​ឈប់​បាញ់​ដោយសារ​ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ កំពុងតែ​ប្រឈម​នឹង​ការអត់ឃ្លាន​យ៉ាងធ្ងន់ធ្ងរ។

បើតាម​មន្ត្រី​សុខាភិបាល​របស់​ហ្គា​ហ្សា​ បានឱ្យដឹងថា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ជា​បន្តបន្ទាប់​បាន​ស្លាប់​ដោយសារតែ​ខ្វះ​ទឹក​បរិភោគ​និង​ខ្វះ​អាហារូបត្ថម្ភ។

ទន្ទឹមនឹង​ក្ដីសង្ឃឹម​ថា ​បទ​ឈប់​បាញ់​ចំនួន ៤០ ថ្ងៃ ​នឹង​អាច​កើតឡើង​ពិភពលោក​ក៏​កំពុងតែ​ភ័យខ្លាច​ថា​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​អាច​នឹង​រីក​រាលដាល​ទៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​បន្ទាប់ពី​ក្រុម​សម្ព័ន្ធមិត្ត​របស់​ហា​ម៉ាស់​នៅតែ​បន្ត​វាយប្រហារ​លើក​ប៉ាល់​ដឹកទំនិញ​ដែល​ឆ្លងកាត់​សមុទ្រ​ក្រហម។

ខុសពី​ការវាយប្រហារ​រាល់​លើក​ក្នុងការ​វាយប្រហារ​ចុងក្រោយ​នេះ​ក្រុម​ឧទ្ទាម​បាន​ជ្រុលដៃ​ធ្វើឱ្យ​នាវិក​នៅលើ​កប៉ាល់​ចំនួន៣នាក់​បាន​ស្លាប់។គេ​ខ្លាច​ថា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នឹង​បើក​ការវាយប្រហារ​សងសឹក​ទៅលើ​ក្រុម​ឧទ្ទាម​ទាំងនោះ​ដែលជា​មូលហេតុ​ធ្វើឱ្យ​ភ្លើងសង្គ្រាម​កាន់តែ​ឆេះ​សន្ធោសន្ធៅ​ឡើង៕