ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ បានប្រកាសថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការឆ្លើយតបរបស់សហភាពអឺរ៉ុប (EU) ចំពោះសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានយល់ស្របជាមួយសហភាពអឺរ៉ុបថា ចំហេះឥន្ធនៈដែលផលិតចេញពីប្រេងដូងមិនមែនជាឥន្ធនៈដែលអាចកកើតឡើងវិញនោះទេ។ប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការសម្រេចនេះទៅលើសេដ្ឋកិច្ចរបស់ខ្លួន។
កាលពីថ្ងៃអង្គារនៅក្នុងសេចក្ដីសម្រេចលើកដំបូងរបស់ខ្លួនស្តីពីការកាប់បំផ្លាញព្រៃឈើ គណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកបានច្រានចោលការជំទាស់របស់ម៉ាឡេស៊ីចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបប៉ុន្តែបានទទួលស្គាល់ការព្រួយបារម្ភរបស់ម៉ាឡេស៊ីទាក់ទងនឹងរបៀបដែលសហភាពអឺរ៉ុបអនុវត្តវិធានការពាណិជ្ជកម្មដូងប្រេង។
សហភាពអឺរ៉ុបត្រូវកែប្រែច្បាប់របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែមិនចាំបាច់លុបចោលច្បាប់ដែលពាក់ព័ន្ធនោះទាំងស្រុងនោះទេ។
លោក ចូហារី អាប់ឌុលហ្គានី (Johari Abdul Ghani) រដ្ឋមន្ត្រីក្រសួងកសិកម្មនិងទំនិញម៉ាឡេស៊ី បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីនឹងតាមដានឱ្យបានដិតដល់ដើម្បីមើលថា តើសហភាពអឺរ៉ុបនឹងធ្វើការផ្លាស់ប្តូរច្បាប់ដែលចាំបាច់ឬក៏យ៉ាងណា។ បើមិនដូច្នេះទេម៉ាឡេស៊ីអាចនឹងចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត ដើម្បីអនុវត្តសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក។
នៅឆ្នាំ ២០២១ ម៉ាឡេស៊ីបានក្លាយជាប្រទេសផលិតប្រេងដូងធំជាងគេទី២ នៅពិភពលោកហើយប្រទេសនេះបានចាត់ទុកគោលការណ៍ពាណិជ្ជកម្មថ្មីរបស់សហភាពអឺរ៉ុបទាក់ទងនឹងថាមពលកកើតឡើងវិញថា មានភាពលំអៀង និងមានការរើសអើង។
ម៉ាឡេស៊ីបានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកពិនិត្យមើលទៅលើបទប្បញ្ញត្តិដែលសហភាពអឺរ៉ុបបង្កើតឡើងក្នុងការហាមមិនឱ្យមានការប្រើប្រាស់ថាមពលជីវឥន្ធនៈដែលផលិតពីប្រេងដូង។
យោងតាមច្បាប់ដែលសហភាពអឺរ៉ុបបានបង្កើតថ្មី បានកំណត់ថា ឥន្ធនៈដែលផលិតចេញពីដូងប្រេង និងប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន នឹងលែងត្រូវបានចាត់ទុកថាជាថាមពលកកើតឡើងវិញហើយនឹងត្រូវលុបចោលទាំងស្រុងនៅឆ្នាំ ២០៣០។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបជឿថាការដាំដុះដូងប្រេងបានបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើច្រើនហួសហេតុ។
លោក ចូហារី បានបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោកបានយល់ស្របជាមួយនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបអំពីការកាប់បំផ្លាញព្រៃឈើដែលបណ្ដាលមកពីការដាំដុះដូងប្រេងប៉ុន្តែរបាយការណ៍របស់អង្គការនេះបានរកឃើញថា សហភាពអឺរ៉ុបហាក់ដូចជាបានធ្វើការគណនាផលប៉ះពាល់ខុស ហើយបានរិះគន់សហភាពអឺរ៉ុបថា មិនបានអនុវត្តតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិឱ្យបានត្រឹមត្រូវ។
លោកបានលើកឡើងថា៖ «សេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ការអះអាងរបស់ម៉ាឡេស៊ីអំពីការរើសអើង គឺពិតជាត្រឹមត្រូវ»។
លោកបានបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តការពារផលប្រយោជន៍របស់ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យឧស្សាហកម្មជីវឥន្ធនៈដែលផលិតពីដូងប្រេង ដោយសារតែពួកគេកំពុងប្រឈមនឹងរបាំងពាណិជ្ជកម្មជាច្រើន»៕