អ្នកយកព័ត៌មានរបស់សារព័ត៌មានឯករាជ្យមួយរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ជុំវិញអត្ថបទដែលបុរសរូបនេះ បានសរសេរចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Roman Ivanov ដែលធ្វើការឱ្យស្ថាប័ន RusNews តាមអ៊ិនធឺណែតត្រូវបានកាត់ទោសពីបទផ្សាយ «ព័ត៌មានក្លែងក្លាយ» អំពីកងទ័ពរុស្ស៊ី ក្រោមច្បាប់ត្រួតពិនិត្យក្នុងសម័យសង្គ្រាមដោយច្បាប់នេះត្រូវចូលជាធរមានភ្លាមៗ បន្ទាប់ពីការធ្វើសង្គ្រាមចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ នោះ។
ប្រទេសរុស្ស៊ី បានប្រើប្រាស់ច្បាប់ទាំងនោះ ដើម្បីបង្ក្រាបអ្នកកាសែត និងសកម្មជនដែលរាយការណ៍ព័ត៌មានដែលប្រឆាំងនឹងវិមានក្រឹមឡាំង ឬអំពីអ្វីដែលទីក្រុងម៉ូស្គូ ហៅថាប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។
ការចោទប្រកាន់លើលោក Ivanov កើតចេញពីអត្ថបទដែលអ្នកសារព័ត៌មានរូបនេះបានសរសេរអំពីការសម្លាប់រង្គាលនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែនព្រមជាមួយរបាយការណ៍ឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិ និងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើលំនៅស្ថានជនស៊ីវិលអ៊ុយក្រែន។
អត្ថបទនេះត្រូវបានចេញផ្សាយនៅលើគណនីបណ្តាញសង្គម «Chestnoye Korolyovskoye» ដែលជាបណ្តាញព័ត៌មានដំណើរការដោយលោកផ្ទាល់ ហើយក៏ជាគណនីដែលលោកបានសរសេរប្លុកអំពីបញ្ហាក្នុងស្រុក គឺទីក្រុង Korolyov ដែលជាទីក្រុងតូចមួយនៅខាងក្រៅទីក្រុងម៉ូស្គូ ដែលលោកកំពុងរស់នៅ។
ក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា លោក Ivanov បានប្រើសុន្ទរកថាបិទរបស់ខ្លួននៅក្នុងតុលាការកាលពីថ្ងៃទី ៥ ខែមីនា ដើម្បីមកស្រាយដោយបង្ខំម្តងទៀតអំពីអ្វីដែលលោកហៅថា «ឧក្រិដ្ឋកម្ម» នៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
បើតាមសម្តីដែលគេដកស្រង់ លោក Ivanov បាននិយាយថា៖ «ប្រទេសរបស់យើងបានប្រែក្លាយទៅជាព្យុះព្រិលនៃទុក្ខព្រួយ និងសំណាងអាក្រក់។ ខ្ញុំបានសម្រេចចិត្តប្រកាសអំពីព្រឹត្តិការណ៍នៅ Bucha ដើម្បីឱ្យប្រជាជនរុស្ស៊ីមើលឃើញថា សង្គ្រាមមិនបានប្រយោជន៍អ្វីក្រៅពីនាំភាពភ័យខ្លាចការឈឺចាប់ ទុក្ខព្រួយការបំផ្លិចបំផ្លាញនិងការបាត់បង់នោះទេ»។
លោក Ivanov បានបន្តថា៖ «យើងត្រូវតែយល់ថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅអ៊ុយក្រែនគឺជាកំហុសរបស់យើង»។
ភ្លាមៗបន្ទាប់ពីការកាត់ទោសអត្ថបទនៃសុន្ទរកថារបស់លោក Ivanov ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ Memorial ដែលជាអង្គការសិទ្ធិមនុស្សដ៏ល្បីបំផុតមួយរបស់រុស្ស៊ីខណៈនាយកនៃស្ថាប័នមួយនេះគឺលោក Oleg Orlov ក៏ត្រូវបានកាត់ទោស កាលពីខែកុម្ភៈ ឱ្យជាប់គុក ២ ឆ្នាំកន្លះពីបទធ្វើឱ្យខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
គួរជម្រាបថា Ivanov គឺជាអ្នកកាសែតទី២ នៃ RusNews ដែលត្រូវបានកាត់ទោសឱ្យជាប់គុកពីបទ «ព័ត៌មានក្លែងក្លាយ» បន្ទាប់ពីលោក Maria Ponomarenko ដែលត្រូវបានកាត់ទោសកាលពីខែកុម្ភៈ ឱ្យជាប់គុក ៦ ឆ្នាំសម្រាប់ការចោទប្រកាន់ទីក្រុងម៉ូស្គូពីការទម្លាក់គ្រាប់បែកនៅរោងមហោស្រព Mariupol ប្រទេសអ៊ុយក្រែនក្នុងខែដំបូងនៃការវាយប្រហារ៕