នាឡិកា​ប្រណីត​ប្រមាណ ៩០០ គ្រឿង ដែលមាន​តម្លៃ​ជិត ១៣ លាន​ដុល្លារ​អាមេរិក បាន​បាត់​នៅក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពី​គេហទំព័រ​មួយ​បាន​ជួល​ពួកគេ​ចេញ ហើយ​ម្ចាស់​របស់​វា​បាន​ភៀសខ្លួន​ទៅ​ទីក្រុង​ឌូ​បៃ ​ប្រទេស​អារ៉ាប់រួម​។

​សារព័ត៌មាន AFP ​បាន​រាយការណ៍ថា ម្ចាស់​នាឡិកា​ម៉ាក​ Rolexes និង​នាឡិកា​មានតម្លៃ​​ប្រណីត​ថ្លៃ​ផ្សេងទៀត ទទួលបាន​ប្រាក់​កម្រៃ​​ដាក់​កក់​​​​ប្រចាំខែ​ដោយ​​ផ្តល់​នាឡិកា​​ទៅឱ្យហាង​​​ ​Toke Match ដែលមាន​មូលដ្ឋាន​នៅ Osaka ដែល​នឹង​ជួល​ឱ្យ​អតិថិជន។

ក្រុមហ៊ុន Neo Reverse ​ដែល​ដំណើរការ Toke Match បានប្រកាស​នៅ​ថ្ងៃទី ៣១ ​ខែមករា​ អំពី​ការបញ្ចប់​សេវាកម្ម​របស់ខ្លួន ហើយ​បាន​សន្យាថា​វា​នឹង​ប្រគល់​នាឡិកា​ទាំងអស់​មកវិញ។

កាសែត Asahi Shimbun ប្រចាំថ្ងៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​បាន​រាយការណ៍​ថា ម្ចាស់​នាឡិកា​ប្រហែល ៩០០ ​គ្រឿង មិន​ត្រូវបាន​ប្រមូល​​​នាឡិកា​និង​​ទ្រព្យសម្បត្តិ​របស់​ពួកគេ​វិញ​ទេ ដោយ​ដកស្រង់​សម្តី​ក្រុម​ម្ចាស់​ប្រហែល ១៩០ ​នាក់។

នាឡិកា​មួយចំនួន​ថែមទាំង​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​គេហទំព័រ​ដេញថ្លៃ​អន​ឡាញ ដែល​ជំរុញ​​ឱ្យ​ម្ចាស់​ដាក់ពាក្យ​បណ្តឹង​រាប់សិប​ទៅ​ប៉ូលីស​ជុំវិញ​ប្រទេស​ជប៉ុន។

ប្រតិបត្តិ​ករ​នៃ​គេហទំព័រ​ដេញថ្លៃ Valuence Japan បាន​និយាយថា យ៉ាងហោចណាស់​នាឡិកា​ចំនួន ២០ ​គ្រឿង​ ដែល​ខ្លួន​បាន​គ្រប់គ្រង​មាន​លេខ​សេរី​​ដែល​ត្រូវ​នឹង​អ្នក​ដែល​បាន​​ផ្តល់​​ឱ្យ​ Toke Match​ខ្ចី​។

ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា៖ «យើង​បាន​បញ្ឈប់​ការ​ចរាចរ​នាឡិកា​ទាំងនេះភ្លាមៗ ដើម្បី​ការពារ​ការខូចខាត​ប​ន្ថែ​ម​ទៀត​ពី​ការកើតឡើង» តាមរយៈ​ការលក់​បន្ត។

នាង​បាន​និយាយថា នាឡិកា​ពាក់កណ្តាល​បាន​នៅលើ​គេហទំព័រ​ដេញថ្លៃ​រួចហើយ មុនពេល​សេវាកម្ម Toke Match ត្រូវបាន​បញ្ចប់។

សមាគម​សេដ្ឋកិច្ច​ចែករំលែក ប្រទេស​ជប៉ុន​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បានទទួល​របាយការណ៍​ថា នាឡិកា​មួយចំនួន​ត្រូវបាន​ចែកចាយ​នៅក្នុង​ហាង​ជជុះ​ផងដែរ៕​