នេ​ប៉ាល់​៖ មាន​ករណីដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅលើ​សិស្ស​ចំនួន​ ៤ នាក់​ ​ពីសំណាក់​អ្នក​​គ្រូបង្រៀន​ម្នាក់​​​ដោយ​​បាន​​ប្រើ​បន្ទះ​ដែក​ក្តៅ​វាយ​​​ទៅលើ​ថ្ពាល់​របស់​ពួកគេ​នៅឯ​​សាលា​មួយ​ក្នុង​ក្រុង Bhimad នៃ​ក្នុងស្រុក Tanahun ប្រទេស​នេ​ប៉ាល់​។​

​យោងតាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​​ ​ The Kathmandu Post សិស្ស​ថ្នាក់​ទី​៤ បាន​ស្រែកយំ​អំឡុងពេល​ប្រឡង ហើយ​គ្រូបង្រៀន​​​ឈ្មោះ Sushma Shrestha នៃ​សាលា Prabhat Academy បាន​នាំ​សិស្ស​ទៅ​ការិយាល័យ​របស់​នាង​ហើយ​ដាក់ទណ្ឌកម្ម​យ៉ាង​សាហាវ​ ដោយ​យក​បន្ទះ​ដែក​ក្តៅ​វាយ​ទៅលើ​សិស្ស​ទាំង​៤​នាក់​ទាំង​ទឹកមុខ​សើច​សប្បាយ​។​

ស្លាក​ស្នាម​ដែល​បន្សល់ទុក​ពី​បន្ទះ​ដែក​ក្តៅ​​ក៏​នៅ​អាច​មើលឃើញ​យ៉ាងច្បាស់​នៅលើ​ថ្ពាល់​របស់​សិស្ស​ពីរ​នាក់​អាយុ ៩ និង ១០ ឆ្នាំ​។​

​ម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាគ្រូ​បង្រៀន​រូប​នោះ​បាន​ប្រាប់​គាត់​តាម​ទូរស័ព្ទ​ថា កូន​របស់​គាត់​បាន​រងរបួស​ស្រាល​​ដោយសារ​​ទទួល​ទណ្ឌកម្ម​ ហើយ​បាន​ធានា​រ៉ាប់រង​ថ្លៃ​ព្យាបាល ព្រម​ទាំង​បាន​ស្នើ​សូម​ដោះស្រាយ​បញ្ហា​នៅក្នុង​សាលា​។

ម្ដាយ​របស់​ក្មេង​ប្រុស​នេះ​និយាយ​ថា គ្រូ​ដដែល​នេះ​ក៏​ធ្លាប់​ដាក់ទោស​កូន​គាត់​កាលពីមុន​ដែរ ដោយ​យកដៃ​ជ្រលក់​ក្នុង​ទឹក​ក្ដៅ​។

អ្នកស្រី​បាន​បន្តថា​៖ «ទោះបី​គ្រូបង្រៀន និង​រដ្ឋបាល​សាលា​សុំ​មិន​ឲ្យ​ខ្ញុំ​បង្ហាញ​ពី​ការដាក់ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​នេះ​ក៏ដោយ តែ​ខ្ញុំ​បានសម្រេច​ចិត្ត​បន្ត​ចាត់វិធានការ​នេះ​តាមផ្លូវ​ច្បាប់​ដដែល​»​។

ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការតវ៉ា​ពី​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ទាមទារ​ឱ្យ​បណ្ដេញ​គ្រូបង្រៀន​ចេញពី​សាលា និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

គួរ​អោយដឹង​ផងដែរ​ថា គ្រូ​ជាប់ចោទ​អាយុ ៣៤​ឆ្នាំ រូប​នេះ គឺ​ជា​កូនស្រី​របស់​នាយក​សាលា។ នាង​គឺជា​គណនេយ្យករ​នៅក្នុង​សាលា ហើយ​ចូល​បង្រៀន​រៀងរាល់​ពេលដែល​គ្រូ​ផ្សេងទៀត​អវត្តមានតែប៉ុណ្ណោះ​។​

ប៉ូលិស​បាន​ឃុំខ្លួន​គ្រូបង្រៀន​រូប​នេះ ​និង​បាន​នាំ​យក​ទៅ​​តុលាការ​នៃ​ស្រុក Tanahun កាលពីថ្ងៃពុធ សប្ដាហ៍​មុន ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​នាង​រយៈពេល ៥​ថ្ងៃ ដើម្បី​បន្ត​ការ​​ស៊ើបអង្កេត​។​

នៅ​ឆ្នាំ​២០០៦ តុលាការ​កំពូល​​នេ​ប៉ាល់​បានចេញ​សេចក្តីសម្រេច​មួយ​ដោយ​សុំឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការដាក់ទណ្ឌកម្ម​លើ​រាងកាយ ក៏ដូចជា​ការប្រព្រឹត្តិ​អំពើ​ឃោរឃៅ អមនុស្សធម៌ ឬ​សកម្មភាព​មិនល្អ​ចំពោះ​កុមារ​។

ប៉ុន្តែ​ទោះបី​ជាមាន​ក្របខណ្ឌ​ច្បាប់​យ៉ាងណាក៏ដោយ ក៏​គ្រូបង្រៀន​មួយ​ចំនួន​​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​កម្រិត​អមនុស្សធម៌​ទៅលើ​សិស្ស​របស់​ពួកគេ​ដដែល​៕

ប្រភព៖ ANN/The Kathmandu Post