
រូប Screenshot ពី Google ដែលបង្ហាញពីឈ្មោះពីរ នៃឈុងសមុទ្ឬម៉ិកស៊ិក។
ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថា ប្រទេសម៉ិកស៊ិកនឹងប្តឹងក្រុមហ៊ុន Google ទៅកាន់តុលាការ ប្រសិនបើផែនទីដែលបង្ហាញដល់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបន្តដាក់ស្លាកឈូងសមុទ្រម៉ិកស៊ិកថាជាឈូងសមុទ្រអាមេរិកនៅពាសពេញផ្ទៃទឹក។
ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក Google បានប្ដូរឈ្មោះជាផ្លូវការនូវឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps ដែលការប្តូរឈ្មោះនេះគឺធ្វើឡើងស្របតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោកស្រី Claudia លើហេតុផលថា បទបញ្ជារបស់លោក Trump ឱ្យប្តូរឈ្មោះអនុវត្តចំពោះតែផ្នែកនៃឈូងសមុទ្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកស្រីបន្តទៀតថា ការប្តូរឈ្មោះនេះគឺ «មិនត្រឹមត្រូវទេ ព្រោះបទបញ្ជារបស់លោក Trump គ្រាន់តែផ្លាស់ប្តូរឈ្មោះនៅក្នុងទ្វីបរបស់គាត់ដែលលាតសន្ធឹង ២២ ម៉ាយពីឆ្នេរសមុទ្រអាមេរិក មិនមែនឈូងសមុទ្រទាំងមូលនោះទេ»។
ភាគីក្រុមហ៊ុន Google បានប្រកាសថា ស្របតាមគោលការណ៍របស់លោកត្រាំ Google បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរនៅក្នុង Google Maps កាលពីសប្តាហ៏មុនដោយ អះអាងថា អ្នកដែលប្រើផែនទីក្នុងប្រទេសម៉ិកស៊ិកនឹងបន្តមើលឃើញឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ដដែល ចំណែកប្រជាជននៅសហរដ្ឋអាមេរិកនឹងឃើញឈ្មោះ «ឈូងសមុទ្រអាមេរិក» ហើយអ្នកផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរ»។
ទោះជាយ៉ាងណា លោកស្រី Claudia បានគំរាមប្តឹង Google ទៅកាន់តុលាការ ដោយនិយាយថា «បណ្តឹងរដ្ឋប្បវេណីអាចនឹងមាននៅលើតុ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនកែតម្រូវនូវអ្វីដែលអ្នកស្រីហៅថា «ការអនុវត្តមិនត្រឹមត្រូវ»៕