ប្រេស៊ីល៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានចោទប្រកាន់ដោយអគ្គរដ្ឋអាជ្ញារបស់ប្រទេសកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈឆ្នាំ២០២៥ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីលោកបានចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២២។

បុរសវ័យ ៦៩ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ជាច្រើនករណីជុំវិញការរារាំងអ្នកស្នងតំណែងរបស់លោក គឺប្រធានាធិបតី Luiz Inacio Lula da Silva ​មិន​ឲ្យ​ឡើងកាន់តំណែងនេះ បន្ទាប់ពីឈ្នះការប្រកួតប្រជែងការបោះឆ្នោត។

ការ​ចោទ​ប្រកាន់​រួម​មាន​ ​គម្រោង​ដាក់​ថ្នាំ​ពុលលើ​ប្រធានាធិបតី Luiz Inacio Lula da SilvaLula និង​​គម្រោង​បាញ់​សម្លាប់​ចៅក្រម​តុលាការ​កំពូល​លោក​ Alexandre de Morae។

លោក Bolsonaro បានបដិសេធរាល់ការចោទប្រកាន់​ ហើយ​និយាយ​ថា លោក​គឺ​ជា​ជនរងគ្រោះ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ការចោទប្រកាន់ដោយអគ្គរដ្ឋអាជ្ញាកំពុងត្រូវបានពិចារណាដោយតុលាការកំពូល។ ប្រសិនបើរកឃើញថាលោក Bolsonaro និង បក្សពួក ៣៣នាក់​ ផ្សេងទៀតបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារនោះលោក Bolsonaro និងបក្សពួកនឹងត្រូវបានចោទប្រកាន់ជាផ្លូវការ ហើយនឹងត្រូវប្រឈមមុខនឹងការកាត់ទោស។

គួរឲ្យ​ដឹងផងដែរថា លោក Bolsonaro បានបរាជ័យក្រោមថ្វីដៃរបស់លោក Lula ក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល កាលពីឆ្នាំ២០២២៕

តែលោក Bolsonaro មិនដែលទទួលស្គាល់ការបរាជ័យ​នេះ​ជាសាធារណៈ​នោះ​ទេ ហើយបានចាកចេញពីប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកពីរថ្ងៃមុនពេល Lula ស្បថចូលកាន់តំណែងជាប្រធានាធិបតី​ថ្មី។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ អ្នកគាំទ្ររបស់លោក Bolsonaro បានសម្រុកចូលអគាររដ្ឋាភិបាលក្នុងរដ្ឋធានី Brasilia ហើយបង្កភាពចលាចលពេញខាងក្នុងអាគារ ដោយផ្នែកខ្លះនៃអគារត្រូវបានបំផ្លាញ និងរបស់របរត្រូវបានវាយកំទេច ឯកសារត្រូវបានលួច។ ក្នុងហេតុការណ៍នោះដែរ ប៉ូលិសបានចាប់ខ្លួនអ្នកបះបោរចំនួន ១៥០០ នាក់៕