
មនុស្សដែលគេសង្ស័យថាជាជនរងគ្រោះនៃអំពើឆបោកតាមអ៊ីនធឺណិត ត្រូវបានបញ្ជូនពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី១២ ខែកុម្ភៈ។ AFP
អាជ្ញាធរមីយ៉ាន់ម៉ា ត្រៀមបញ្ជូនចេញមនុស្សចំនួន ១២១៩នាក់ដែលជាជនគ្រោះនៃអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលភាគច្រើនជាជនជាតិចិន ដែលពួកគេបានឃាត់ខ្លួននៅតំបន់ Shwe Kokko នៃទីក្រុង Myawaddy នៃខេត្ត Kayin។
ក្នុងចំណោមពួកគេមានជនជាតិចិនចំនួន ១០៤១, ឥណ្ឌូណេស៊ី ៧១នាក់ វៀតណាម ៤០ នាក់ ជនជាតិផ្សេងៗទៀតមកពីតំបន់អាស៊ី និងអាហ្វ្រិក។ យ៉ាងណាក៏ដោយ មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៃការបញ្ជូនជនទាំងនេះទៅកាន់ប្រទេសនៅឡើយ។ អាជ្ញាធរថៃ រំពឹងថា ស្ថានទូតនៃជនរងគ្រោះទាំងនេះសម្របសម្រួលទៅលើការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។
កាលពីថ្ងៃទី១៨ ខែកុម្ភៈនេះ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានលើកឡើងពីក្ដីបារម្ភទៅលើក្រុមជនល្មើសឆបោកដែលធ្វើប្រតិបត្តិការពីតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ លោកបានជួបជាមួយលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន ដែលបានស្នើឲ្យអាជ្ញាធរថៃបន្តកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងរារាំងដល់ប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន។
ប៉ុន្តែ មីយ៉ាន់ម៉ា បានស្នើឲ្យថៃបញ្ឈប់ការការកាត់ផ្ដាច់ការផ្គត់ផ្គង់នេះ ដោយហេតុថា វាបានបង្កការប៉ះពាល់ដល់ប្រតិបត្តិការស្លូតត្រង់នៅមីយ៉ាន់ម៉ា ដូចជាមន្ទីរពេទ្យជាដើម។
លោក Phumtham បានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយចិនដើម្បីបង្ក្រាបលើក្រុមឆបោកតាមអ៊ីនធឺណិតនេះបានធ្វើឡើងជាច្រើនខែមកហើយ ហើយមិនមែនជាការបង្គាប់បញ្ជាពីចិននោះទេ។
លោកបន្តថា ថៃកំពុងពិចារណាទៅលើវិធានការកាត់ផ្ដាច់ការផ្គត់ផ្គង់នេះដែលបានអនុវត្តកាលពីពេលថ្មីៗនេះ ដោយត្រូវធ្វើតុល្យភាពរវាងបញ្ហាសន្តិសុខ ជាមួយនិងការងារមនុស្សធម៌។
បច្ចុប្បន្ននេះ ប្រទេសថៃកំពុងតែនាំមុខក្នុងការបង្ក្រាបទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសនៅតំបន់ព្រំដែនថៃនិងមីយ៉ាន់ម៉ា។
នៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះ ពលរដ្ឋចិនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស២០០នាក់ ក្នុងចំណោម ៣០០នាក់ នឹងត្រូវបញ្ជូនចេញពីប្រទេសថៃទៅកាន់ប្រទេសចិនតាមយន្តហោះឯកជនចំនួន ៦គ្រឿង៕