
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និងលោក ដូណាល់ ត្រាំ។ AFP
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បន្តវាយប្រហារទៅលើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាជា «ជនផ្ដាច់ការ» ដែលកាន់អំណាចដោយមិនបានឆ្លងកាត់ការបោះឆ្នោត ហើយថាលោកបានត្រឹមពូកែ «ទ្រលោក Joe Biden»។
នៅលើទំព័រហ្វេសប៊ុករបស់លោកដែលបង្ហោះនៅថ្ងៃនេះ លោកថ្លែងថា លោក Zelensky បានធ្វើឲ្យសហរដ្ឋអាមេរិកចំណាយប្រាក់ ៣៥០ពាន់លានដុល្លារ ដែលមានទំហំច្រើនជាងការចំណាយរបស់សហភាពអឺរ៉ុបរហូតដល់ ២០០ពាន់លានដុល្លារ ហើយការចំណាយនេះ សហរដ្ឋអាមេរិកមិនទទួលបានអ្វីមកវិញទេ។ លោកថា សង្គ្រាមនេះមានសំខាន់សម្រាប់អឺរ៉ុបជាងសម្រាប់អាមេរិក។
លោកថា៖ «ជនផ្ដាច់ការដែលគ្មានការបោះឆ្នោត Zelensky គួរតែបានចាត់វិធានការឲ្យបានលឿន បើមិនដូច្នេះទេ គាត់នឹងគ្មានប្រទេសនៅសេសសល់នោះទេ»។ លោកបន្តថា លោកបានជោគជ័យក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។
កាលពីពេលថ្មីៗនេះ លោក Zelensky បានលើកឡើងថា សហរដ្ឋអាមេរិកស្ថិតនៅក្នុង«លំហនៃព័ត៌មានក្លែងក្លាយដែលគ្រប់គ្រងដោយទីក្រុងមូស្គូ»។
មេដឹកនាំនៅអឺរ៉ុប បានសម្ដែងការគាំទ្រសម្រាប់លោក Zelensky រួមមានលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ដែលបានថ្លែងថា ការមិនទទួលស្គាល់លោក Zelensky ជាប្រធានាធិបតី វាជារឿងខុសឆ្គង និងគ្រោះថ្នាក់។ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmerក៏គាំទ្រលោក Zelensky ផង ដែរ ដោយលោកបានជជែកជាមួយគ្នាតាមទូរស័ព្ទដើម្បីបង្ហាញការគាំទ្រនេះ។
តាមពិតទៅ អាណត្តិ ៥ ឆ្នាំរបស់លោក Zelensky បានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៤។ ប៉ុន្តែ ប្រទេសអ៊ុយក្រែនត្រូវបានដាក់ក្នុងការអនុវត្តច្បាប់អាជ្ញាសឹកចាប់តាំងពីការវាយប្រហារពីប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយការបោះឆ្នោតត្រូវបានផ្អាកចាប់ពីពេលនោះមក៕