
ពលរដ្ឋចិន ២០០នាក់ពាក់ព័ន្ធអំពើជួញដូរមនុស្ស និង ឆបោកតាមអ៊ីនធឺណិត ត្រូវបានបញ្ជូនទៅចិនវិញពីប្រទេសថៃ នៅថ្ងៃទិ២០ ខែកុម្ភៈ។ The Nation Thailand
បាងកក៖ ពលរដ្ឋចិន ២០០នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអ៊ីនធឺណិត ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ទៅប្រទេសចិនវិញ ខណៈដែលអាជ្ញាធរថៃ ចិន និង មីយ៉ាន់ម៉ា បន្តរួមគ្នាបង្ក្រាបបទល្មើសជួញដូរមនុស្សនិងការឆបោកតាមអនឡាញ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachaiរួមជាមួយនឹងលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន និងលោក Aung Kyaw Kyawអនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា បានទៅទស្សនាអាកាសយានដ្ឋាន Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២០ ដើម្បីត្រួតពិនិត្យការធ្វើមាតុភូមិនិវត្តន៍ជនជាតិចិន បន្ទាប់ពីប្រតិបត្តិការបង្រ្កាបជនជាតិចិនចេញពីតំបន់ Myawaddyព្រំដែនមីយ៉ាន់ម៉ា។
ជាផ្នែកនៃដំណើរការធ្វើមាតុភូមិនិវត្តន៍ ឡានក្រុងបានដឹកជញ្ជូនអ្នកជាប់ឃុំទៅកាន់អាកាសយានដ្ឋាន ជាកន្លែងដែលពួកគេបានចុះពីលើឡាន ដើម្បីពិនិត្យសុវត្ថិភាព រួមទាំងការត្រួតពិនិត្យទំនិញហាមឃាត់ និងវត្ថុគ្រោះថ្នាក់ មុននឹងឡើងជិះយន្តហោះទៅប្រទេសចិន។
បន្ទាប់មកពួកគេត្រូវបានអមដំណើរទៅកាន់ជើងហោះហើរ China Southern Airlines ក្រោមវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង។
បន្ទាប់ពីពិភាក្សារួច លោក Phumthamលោក Liu Zhongyiនិង Aung Kyaw Kyawបានចាប់ដៃគ្នាជានិមិត្តរូប ដោយបញ្ជាក់ពីការអនុវត្តបេសកកម្មប្រកបដោយជោគជ័យ តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី។
លោកPhumthamឧបនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដោយកត់សម្គាល់ថា ការពិភាក្សាត្រូវបានធ្វើឡើងជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែនៅថ្នាក់រដ្ឋមន្ត្រី។
លោកបានបញ្ជាក់ថា គ្មានប្រទេសណាមួយអាចអនុវត្តប្រតិបត្តិការបែបនេះដោយឯករាជ្យបានទេ ដោយសារភាពស្មុគស្មាញនៃសន្តិសុខព្រំដែន និងដំណើរការអនុវត្តច្បាប់។ លោកក៏បានបញ្ជាក់ជាថ្មីថា ភាគីទាំងអស់គោរពអធិបតេយ្យភាពរបស់ជាតិនីមួយៗ ហើយនឹងគោរពច្បាប់មូលដ្ឋាន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយបន្តទៀត។ លោក Aung Kyaw ថ្លែងថា លោកត្រៀមខ្លួនត្រឡប់ទៅប្រទេសថៃវិញប្រសិនបើមានការចាំបាច់ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកកម្រិតអន្តរជាតិនេះ៕