ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូដីមៀរ​ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​បដិសេធ​ការ​ទាមទារ​របស់​រដ្ឋបាល​លោក ដូណាល់​ ត្រាំ​ ដែល​ទាមទារ​ធនធាន​រ៉ែ​របស់​អ៊ុយក្រែន​ក្នុង​តម្លៃ​ប្រមាណ​ ៥០០​ពាន់​លាន​ដុល្លារ។

លោក ហ្សេឡេនស្គី​ការ​ ថ្លែង​ថា​ចំនួន​ទឹកប្រាក់​ដែល​អាមេរិក​ទាមទារ​នេះ​វា​ខ្ពស់​ជាង​ជំនួយ​របស់​អាមេរិក​លើ​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ ហើយ​​ថា ការ​ទាមទារ​នេះ​ក៏​មិន​បាន​ផ្ដល់​ការ​ធានា​ដល់​សន្តិសុខ​អ៊ុយក្រែន​នោះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ភាគី​ទាំង​ពីរ​កំពុង​ត្រៀម​ចរចា​ជាមួយ​គ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ទៅ​លើ​ធនធាន​ធម្មជាតិ​សម្បូរ​បែប​របស់​អ៊ុយក្រែន។

ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ទាមទារ​ ៥០ភាគរយ​ នៃ​ចំណូល​ដែល​រក​បាន​ពី​វិស័យ​រ៉ែ និង​ធនធានធម្មជាតិ​នានា​របស់​អ៊ុយក្រែន ជា​សំណង​ទៅ​លើ​​ជំនួយ​យោធា​ដែល​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​ពី​មុន។

ប៉ុន្តែ លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា ការ​ផ្ដល់​ទាំង​ឡាយ​របស់​អាមេរិក​ទៅ​អ៊ុយក្រែន មិន​មែន​ក្នុង​រូបភាព​កម្ចី​នោះ​ទេ ប៉ុន្តែ​ជា​ជំនួយ​ឥត​សំណង។

កាល​ពី​ថ្ងៃ​សុក្រ លោក ដូណាល់ ត្រាំ ថ្លែង​ថា កិច្ច​ព្រមព្រៀង​រវាង​អាមេរិក​និង​អ៊ុយក្រែន​«ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ហើយ»។​

លោក​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​កាសែត​ជាច្រើន​ដោយ​ថ្លែង​ថា៖ «ខ្ញុំគិតថា យើង​កំពុង​ជិត​ទៅ​ដល់​ហើយ បាទ។ ខ្ញុំគិតថា ​ពួក​គេ​ចង់​បាន​វា។ ពួក​គេ​មាន​អារម្មណ៍​ល្អ​អំពី​វា។ វា​ជា​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ ប៉ុន្តែ​ពួក​គេ​ចង់​បាន​វា ហើយ​វា​ធ្វើ​ឱ្យ​យើង​នៅ​ក្នុង​ប្រទេស​នោះ ហើយ​ពួក​គេ​ក៏​រីករាយ​ជា​ខ្លាំង​អំពី​វា​ផង​ដែរ»។

ប៉ុន្តែ លោក ហ្សេឡេនស្គី បាន​ថ្លែង​ផ្ទុយ​ពី​នេះ ដោយ​បាន​បដិសេធ​លើ​លក្ខខណ្ឌ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ចេញ។ លោក​ថា «ខ្ញុំ​មិន​អាច​លក់​អ៊ុយក្រែន​បាន​ទេ»។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ផ្នែក​អាវុធ​ដល់​អ៊ុយក្រែន​ប្រមាណ ៦៧ ពាន់លានដុល្លារ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២២ មក។

យ៉ាង​ណា​ក៏​ដោយ លោក ហ្សេឡេនស្គី​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មិនអាច​ចុះហត្ថលេខា​លើ​អ្វី​ដែល​ពលរដ្ឋ​អ៊ុយក្រែន​រហូត​ដល់​ ១០ ​ជំនាន់ ​នឹង​ត្រូវ​សង​វិញ​ទេ​នេះ»។

អ៊ុយក្រែន​មាន​ធនធានធម្មជាតិ​បម្រុង​ដ៏​មាន​តម្លៃ និង​កម្រ ១៧ ប្រភេទ ដែល​មាន​សារៈ​សំខាន់​សម្រាប់​បច្ចេកវិទ្យា​ច្រើន​ប្រភេទ ដូចជា ទូរស័ព្ទដៃ ​ថាស​រឹង​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​យានយន្ត​អគ្គិសនី។

ធនធាន​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​នៅ​ឡើយ​ ដោយសារ​តែ​សង្គ្រាម និង​វិធានការ​របស់​រដ្ឋ​ក្នុង​វិស័យ​រ៉ែ។

ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២ អ៊ុយក្រែន​បាន​ព្យាយាម​ចូល​ជា​សមាជិក​អង្គការ​ណាតូ។ កាល​ពី​សប្ដាហ៍​មុន លោក ហ្សេឡេនស្គី បាន​ថ្លែង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ថា លោក​សុខ​ចិត្ត​ចុះ​ចេញ​ពី​ដំណែង ប្រសិន​បើ​អ៊ុយក្រែន​អាច​ចូល​រួម​ជាមួយ​ណាតូ​ បាន។

លោក​ថា៖ «ប្រសិន​បើ​សន្តិភាព​សម្រាប់​អ៊ុយក្រែន​ត្រូវការ​ខ្ញុំ​ចុះ​ចេញ ខ្ញុំ​បាន​​ត្រៀម​ខ្លួន​រួច​ហើយ។​ ខ្ញុំ​អាច​ផ្លាស់​ប្តូរ​តំណែង​របស់​ខ្ញុំ ដើម្បី​ឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​ណាតូ ប្រសិន​បើ​វា​ជា​ចាំបាច់»៕

ប្រភព៖ Euronews, The New York Times