ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្លែង​ថា សន្តិភាព​នៅ​អ៊ុយក្រែន​«មិន​មែន​ជា​ការ​ចុះ​ចាញ់»​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​មាន​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ណា​មួយ​ជាមួយ​រុស្ស៊ី។

លោក ម៉ាក្រុង បាន​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ  នៅ​សេត​វិមាន​នៅ​ថ្ងៃ​នេះ​ និង​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា ប៉ុន្តែ មាន​ខ្លឹមសារ​មិន​ចុះ​សម្រុង​គ្នា​ខ្លះ​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​ ក្នុង​ករណី​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​កើត​ឡើង។

លោក ម៉ាក្រុង ថ្លែង​ដូច្នេះ​​ថា៖ «សន្តិភាព​មិន​មែន​ជា​ការ​ចុះ​ចាញ់​របស់​អ៊ុយក្រែន​នោះ​ទេ វា​មិន​មែន​ជា​ការ​បញ្ឈប់​ការ​បាញ់​គ្នា​ដោយ​គ្មាន​ការ​ធានា​សន្តិសុខ​នោះ​ទេ»។​

លោក ត្រាំ មិន​បាន​លើក​ឡើង​អំពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​ទេ ប៉ុន្តែ បាន​ថ្លែង​ថា ការ​ចំណាយ​ណា​មួយ​សម្រាប់​ការ​រក្សា​សន្តិភាព​នៅ​អ៊ុយក្រែន​គឺ​ជា​បន្ទុក​របស់​​ប្រទេស​នៅ​អឺរ៉ុប មិន​មែនសហរដ្ឋ​អាមេរិក​នោះ​ទេ។

ទាំង​លោក ត្រាំ និង លោក ម៉ាក្រុង ហាក់​យល់​ស្រប​គ្នា​ថា ការ​រក្សា​សន្តិភាព​នៅ​អ៊ុយក្រែន​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​ពី​ប្រទេស​អឺរ៉ុប ប៉ុន្តែ​កងទ័ព​នេះ​គឺ​ក្នុង​ន័យ​រក្សា​សន្តិភាព មិន​មែន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ការ​បន្ថែម​ជម្លោះ​នោះ​ទេ។

លោក ត្រាំ រំពឹង​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នឹង​ត្រូវ​បញ្ចប់​នា​ពេល​ខាង​មុខ​នេះ ដោយ​លោក​ សង្ឃឹម​ថា ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន នឹង​ទទួល​យក​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម។

ទោះ​យ៉ាងណា លោក ម៉ាក្រុង បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​រុស្ស៊ី មិន​គួរ​ជា​កិច្ច​ព្រម​ព្រៀង​​ដែល​ «ខ្សោយ» នោះ​ទេ។

សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន បាន​ឈាន​ដល់​ឆ្នាំ​ទី៤​ហើយ ដោយ​មេដឹកនាំ​​នៅ​អឺរ៉ុប និង​អ៊ុយក្រែន បាន​រំឭក​ខួប​ទី៣ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ហើយ​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy រំពឹង​ថា សង្គ្រាម​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​នេះ៕