មនុស្សរាប់សែននាក់បានចុះហត្ថលេខាលើញត្តិដើម្បីដកហូតសញ្ជាតិកាណាដារបស់ Elon Musk ចំពេលមានភាពតានតឹងរវាងរដ្ឋបាល​លោក​ ដូណាល់ ត្រាំ​ និងកាណាដា។ ញត្តិ​ដែល​បាន​បើក​ឲ្យ​ចុះ​ហត្ថលេខា​កាលពី​ប្រាំ​ថ្ងៃ​មុន​បាន​ចោទ​លោក Elon Musk ថា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ផលប្រយោជន៍​ជាតិ​របស់​កាណាដា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន។​

លោក Elon Musk ដែលកើតនៅអាហ្វ្រិកខាងត្បូង មានសញ្ជាតិកាណាដា និងសញ្ជាតិ​អាមេរិក។ ​ឆ្លើយតបនឹងញត្តិនេះ មហាសេដ្ឋីរូបនេះបានសរសេរនៅលើ​បណ្ដាញ​សង្គម​ X ថា៖ ​«កាណាដាមិនមែនជាប្រទេសពិតប្រាកដទេ» ប៉ុន្តែ​ផុសនេះត្រូវបានលុបចោលវិញភ្លាម។

នៅប្រទេសកាណាដា សញ្ជាតិអាចត្រូវបានដកហូតវិញបានលុះត្រាតែមាននរណាម្នាក់បានប្រព្រឹត្តិការក្លែងបន្លំ ការ​បង្ហាញ​ខ្លួន​ដោយ​បន្លំ​ ឬលាក់បាំងព័ត៌មានដោយចេតនាលើពាក្យសុំអន្តោប្រវេសន៍ ឬសញ្ជាតិ។

ញត្តិនេះបានអះអាងថា មហាសេដ្ឋីរូបនេះបានប្រើប្រាស់ទ្រព្យសម្បត្តិ និងអំណាចរបស់​ខ្លួន​ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតរបស់កាណាដា ហើយឥឡូវនេះលោក​ Elon Musk បានក្លាយជាសមាជិកនៃរដ្ឋាភិបាលបរទេស ដែលកំពុងព្យាយាមលុបបំបាត់អធិបតេយ្យភាពកាណាដា​​ថែម​ទៀត។

គួរ​ឲ្យ​ដឹងផងដែរថា លោក Elon Musk មានសញ្ជាតិកាណាដា តាមរយៈម្តាយរបស់គាត់ ដែលកើតនៅ​ខេត្ត​ Saskatchewan  ជាប់​នឹង​ព្រំដែន​ជាមួយ​សហរដ្ឋ​អាមេរិក។

ចាប់ផ្តើមនៅថ្ងៃទី២០ ខែកុម្ភៈ​មក​ ញត្តិដែលបានចុះហត្ថលេខារួចហើយដោយជនជាតិកាណាដាជាង ២៥ម៉ឺន​នាក់ ហើយ​ញត្តិ​នេះ​នៅតែបើកចំហសម្រាប់ការចុះហត្ថលេខារហូតដល់ថ្ងៃទី ២០ ខែមិថុនា។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដាបានកើនឡើងចាប់តាំងពីការវិលត្រឡប់របស់លោក​ ដូណាល់ ត្រាំ មក​សេត​វិមាន​វិញ ដោយប្រធានាធិបតីអាមេរិកបានស្នើម្តងហើយម្តងទៀតថាកាណាដាអាចក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក និងគំរាមកំហែង​ដំឡើង​ពន្ធលើដែកថែប អាលុយមីញ៉ូម និងការនាំចូលផ្សេងទៀត។

ការលើក​ឡើង​របស់​លោក​ ត្រាំ បានធ្វើឲ្យ​ជនជាតិ​កាណាដាមានការមិនពេញចិត្តជាខ្លាំង ដោយ​ពួក​គេ​ខ្លះ​បាន​លុបចោលការធ្វើដំណើរនៅសហរដ្ឋអាមេរិក ពហិការមិនចូលរួមផលិតផលអាមេរិក និងស្រែកច្រៀងប្រឆាំងនៅឯការប្រកួតកីឡាវាយកូនគោលលើទឹកកក និងបាល់បោះ។

លោក Elon Musk បានផ្លាស់​ទីលំនៅ​ពីអាហ្វ្រិកខាងត្បូងទៅប្រទេសកាណាដា​នៅអាយុ ១៨ ឆ្នាំ ហើយបានចាប់ផ្តើមធ្វើការជាបន្តបន្ទាប់មុនពេលសិក្សានៅសាកលវិទ្យាល័យ Queen's នៅ ទីក្រុង​ Kingston រដ្ឋ Ontario ក្រោយមកគាត់បានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក។

មហាសេដ្ឋីរូបនេះបានគាំទ្រគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់លោក ត្រាំ​ ប៉ុន្តែឥឡូវនេះខ្លួន​គាត់​ក៏​ត្រូវ​ប្រឈមមុខនឹងការត្រួតពិនិត្យលើការអះអាងដែលថា​គាត់បានធ្វើការដោយខុសច្បាប់នៅសហរដ្ឋអាមេរិកក្នុងទិដ្ឋាការសិស្ស។

លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ហើយ​ថា លោក​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​២០០២៕