
លោក ត្រាំ ថា សូម្បីតែអ្នកមានជនជាតិរុស្ស៊ី ក៏អាចស្នើសុំ «កាតមាស» នេះបានដែរ ហើយថា ពួកគេជាមនុស្សល្អ។ AFP
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងដាក់ឲ្យមានការស្នើសុំ «កាតមាស» តម្លៃ ៥លានដុល្លាសម្រាប់អ្នកវិនិយោគដែលមានទ្រព្យសម្បត្តិច្រើន ដែលជាការបើកផ្លូវមួយសម្រាប់ឲ្យពួកគេក្លាយជាពលរដ្ឋអាមេរិក។
កាលពីរសៀលថ្ងៃអង្គារ លោកបានស្នើឱ្យមានការដាក់ឱ្យប្រើប្រាស់ទិដ្ឋាការថ្មីមួយឈ្មោះថា «កាតមាស» ដែលនេះគឺជាឱកាសដ៏មានសក្តានុពលសម្រាប់វិនិយោគិនបរទេសក្នុងការទទួលបានសញ្ជាតិអាមេរិក។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានកម្មវិធីមួយឈ្មោះថា «កម្មវិនិយោគិនអន្តោប្រវេសន៍ EB-៥» ដែលបានបង្កើតឡើងដោយសភាក្នុងឆ្នាំ ១៩៩០។
តាមរយៈកម្មវិធីនេះ វិនិយោគិនបរទេសអាចទទួលបានសញ្ជាតិអាមេរិក ប្រសិនបើពួកគេចំណាយប្រាក់ប្រហែល ១ លានដុល្លារលើក្រុមហ៊ុនដែលអាចជួលបុគ្គលិកជនជាតិអាមេរិកាំងយ៉ាងហោចណាស់ ១០ នាក់។
ប៉ុន្តែនាពេលនេះលោក ត្រាំ បានស្នើដាក់ដំណើរការទិដ្ឋាការថ្មី ឈ្មោះថា »កាតមាស» តម្លៃ ៥ លានដុល្លារ នេះដើម្បីជំនួសកម្មវិធី EB-៥ តែម្ដង។
លោកបានពន្យល់ដល់អ្នកសារព័ត៌មានថា «កាតមាស» ត្រូវបានរចនាឡើងដើម្បីទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិដែលអាចរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក តាមរយៈការចំណាយច្រើន ការបង់ពន្ធ និងការបង្កើតការងារ។
លោកក៏បានអះអាងទៀតថា សូម្បីតែអ្នកមានជនជាតិរុស្ស៊ី ក៏អាចស្នើសុំ «កាតមាស» នេះបានដែរ ហើយថា ពួកគេជាមនុស្សល្អ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick បាននិយាយថា កម្មវិធីនេះ អាចនឹងចាប់ផ្តើក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ ហើយរដ្ឋបាលអាមេរិករំពឹងទៀតថា គំនិតផ្តួចផ្តើមនេះអាចជួយកាត់បន្ថយឱនភាពជាតិដោយបង្កើតប្រាក់ចំណូលយ៉ាងសំខាន់។
ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីស្រដៀងគ្នានេះនៅទូទាំងពិភពលោកបានប្រឈមមុខនឹងការរិះគន់ចំពោះហានិភ័យសុវត្ថិភាពដែលអាចកើតមាន និងការព្រួយបារម្ភអំពីអំពើពុករលួយ និងការគេចពន្ធ៕