អាមេរិក និង អ៊ុយក្រែន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​រ៉ែ​ដ៏​សំខាន់​មួយ​ជាមួយ​គ្នា ដែល​មន្ត្រី​អ៊ុយក្រែន​ចាត់​ទុក​ថា​ជា​លទ្ធផលវិជ្ជមាន។ ការ​វិវត្ត​ថ្មី​លើ​ការ​ចរចា​កិច្ច​ព្រមព្រៀង​រ៉ែ​របស់​អ៊ុយក្រែន​ មាន​ឡើង​បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់​ចោល​ការ​ទាមទារ​ចំណែក​ ៥០០​ពាន់​លាន​ដុល្លារ​ពី​ចំណូល​ធនធានធម្មជាតិ​របស់​អ៊ុយក្រែន។

បន្ថែម​ពី​លើ​នេះ អាមេរិក​ក៏​នឹង​បន្ត​ផ្ដល់​ការ​ការពារ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ដែល​ជា​អ្វី​អ៊ុយក្រែន​ត្រូវ​ការ​ជា​ចាំ​បាច់ ព្រម​ទាំង​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន រហូត​ដល់​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ុយក្រែន។

ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​ប្រកាសថា ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូដីមៀ ហ្សេលេនស្គី ​រំពឹង​ថា​នឹង​ទៅ​ដល់​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ការ​ចរចា​និង​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ។ លោក​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ទទួល​ស្គាល់​ភាព​ធន់​របស់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​បច្ចុប្បន្ន ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​មាន​សារៈ​សំខាន់។

លោក​និយាយ​ថា៖ «បើ​គ្មាន​សហរដ្ឋអាមេរិក ​ប្រាក់​អាមេរិក​ និង​សព្វាវុធ​យោធា​របស់​អាមេរិក​ទេ​  នោះ​សង្គ្រាម​នេះ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​ខ្លី​ណាស់»។ ការ​ថ្លែង​ដូច្នេះ​ទំនង​ជា​សំដៅ​ទៅ​លើ​ថា អ៊ុយក្រែន​​ប្រហែល​ជា​បាន​ចាញ់​សង្គ្រាម​នេះ​ជា​យូរ​ណាស់​មក​ហើយ។

លោក​ ត្រាំ បាន​ព្យាយាម​ទទួល​បាន​សិទ្ធិ​ទាញ​យក​ផល​ចំណេញ​ពី​រ៉ែ​របស់​អ៊ុយក្រែន ជា​អ្វី​ដែល​លោក​ថា ​ជា​ការ​តប​ស្នង​សម្រាប់​ជំនួយ​យោធា​ក្នុង​រដ្ឋបាល​មុន។

នៅ​ថ្ងៃ​អង្គារ លោក​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ចន្លោះ​ពី​ ៣០០​ពាន់លាន ដល់ ៣៥០​ពាន់លាន​ដុល្លារ​ទៅ​អ៊ុយក្រែន ហើយ​បាន​និយាយ​ថា «អ្នក​បង់​ពន្ធ​អាមេរិក​នឹង​ទទួល​បាន​លុយ​​នេះ​វិញ»។

អ្នក​វិភាគ​មើល​ឃើញ​ថា យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ ក្នុង​អាណត្តិ​ថ្មី​របស់​លោក ខុស​ពី​យុទ្ធសាស្ត្រ​របស់​អាមេរិក​កាល​ពី​មុន​ដែល​ផ្ដោត​លើ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភព​លោក។

យុទ្ធសាស្ត្រ​ថ្មី ជា​ពិសេស​នៅ​ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​លោក ត្រាំ គឺ​រាល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​មាន​ផលប្រយោជន៍​ផ្ទាល់​សម្រាប់​អាមេរិក៕។