សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង ហាក់បីដូចជាបានបញ្ជូន​កងទ័ពបន្ថែម​ទៀត​ ដើម្បីគាំទ្រដល់ប្រទេសរុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។

សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឲ្យ​ដឹង​នៅក្នុងសារមួយទៅកាន់សារព័ត៌មានថា កងកម្លាំងកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់​ទីលាន​ប្រយុទ្ធ​ Kursk នៅដើមខែកុម្ភៈ បន្ទាប់ពីការសម្រាកប្រហែលមួយខែ។

ទីភ្នាក់ងារនេះបានបន្ថែមថា «ខ្លួន​កំពុង​ពិនិត្យ​លើ​ចំនួន​ពិតប្រាកដ ប៉ុន្តែ​ពិត​មានការដាក់ពង្រាយបន្ថែម» ។

កាលពីថ្ងៃទី ៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីបានដាក់ពង្រាយកងទ័ពកូរ៉េខាងជើងឡើងវិញទៅកាន់តំបន់ប្រតិបត្តិការ Kursk។ 

យោងតាម ​​NIS ដំបូងឡើយ កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១១០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែតុលាឆ្នាំមុន។ កងកម្លាំងទាំងនេះបានហ្វឹកហាត់នៅ Vladivostok មុនពេលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ជាកន្លែងដែលពួកគេបានចូលរួមយ៉ាងសកម្មក្នុងសង្គ្រាម។ ទោះយ៉ាងណាក៏ដោយ ទាហានប្រមាណ ៤០០០នាក់ត្រូវបានរាយការណ៍ថាស្លាប់ និងរបួស។ 

របាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន​បង្ហាញ​ថា កងកម្លាំង​កូរ៉េខាងជើង​កំពុង​តស៊ូ​ដើម្បី​រក្សា​ជំហរ​របស់​ខ្លួន។ 

សារព័ត៌មាន Euromaidan Press ដែលជាសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុង Kyiv បានរាយការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអង្គភាពកូរ៉េខាងជើងដែលនៅដាច់ពីគេក្នុងទីក្រុង Nikolske ភាគខាងកើតអ៊ុយក្រែន ចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kursk ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់ពួកគេបានបរាជ័យ។

ទោះបីជាមានការស្លាប់ និងរបួសកើនឡើងក៏ដោយ ក៏អ្នកជំនាញនិយាយថា ទីក្រុងព្យុងយ៉ាងទំនងជានឹងបន្តបញ្ជូនកងទ័ពពេញមួយឆ្នាំ ដើម្បីទទួលបានការគាំទ្រពីរុស្ស៊ី និងទទួលបានបទពិសោធន៍ប្រយុទ្ធ។

លោក Hong Min អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយថា៖ «កូរ៉េខាងជើងហាក់ដូចជាបង្កើន​ការដាក់ពង្រាយកងទ័ព​ទៅ​រុស្ស៊ី​ ដោយក្រុង​ព្យុងយ៉ាង​ទំនង​ជា​ស្វែង​រក​ការ​ពង្រីក​តួនាទី​របស់​ខ្លួន​ដើម្បី​ទទួល​បាន​រង្វាន់​ខាង​នយោបាយ​និង​យោធា​កាន់​តែ​ខ្លាំង»។

លោកបាននិយាយថា៖ «ខណៈពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងជំរុញឱ្យមានការពន្លឿនការបញ្ចប់សង្រ្គាម តែទាំងរុស្ស៊ី និងកូរ៉េខាងជើង បែជារំពឹងថាជម្លោះនឹងអូសបន្លាយយូ» ។

លោកបានបន្ថែមថា៖ «កូរ៉េខាងជើងទំនងជាបន្ថែម​លើសពីកងកម្លាំងថ្មើរជើង ដោយបញ្ជូនអង្គភាពជំនាញក្នុងកាំភ្លើងធំ មេកានិច សង្គ្រាមអេឡិចត្រូនិក និងការឈ្លបយកការណ៍ ដើម្បីទទួលបានបទពិសោធន៍ប្រយុទ្ធចម្រុះ»។

កាលពីដើមឆ្នាំនេះ យោធាកូរ៉េខាងត្បូង ក៏បានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការរីកចម្រើនផ្នែកយោធាដ៏មានសក្តានុពលរបស់កូរ៉េខាងជើង រួមទាំងកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលរបបនេះអាចនឹងកំពុងអភិវឌ្ឍដោយមានជំនួយពីរុស្ស៊ី ជាថ្នូរនឹងការគាំទ្រ​ផ្នែក​កងទ័ព៕

ប្រភព៖ The Korea Herald / តំណភ្ជាប់ប្រភព