សម្រាប់​អ្នក​ចូល​ចិត្ត​មើល​មេឃ​មើល​ផ្កាយ​ យប់​ថ្ងៃ​ទី២៨ ខែកុម្ភៈ​នេះ​គឺ​ជា​ឱកាស​ដ៏​កម្រ​ដោយ​ភព​ចំនួន​ ៧ នឹង​បង្ហាញ​ខ្លួន​នៅ​ក្រោយ​ថ្ងៃ​លិច។ ការ​ខក​ខាន​ឱកាស​នេះ នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០៤០ ទើប​ព្រឹត្តិការណ៍​បែប​នេះ​កើត​មាន​ម្ដង​ទៀត។

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា ព្រឹត្តិការណ៍​ដ៏​កម្រ​បែប​នេះ​ឈ្មោះ​ថា «ព្យុហយាត្រា​នៃ​ភព» (planetary parade) ដែល​រួម​មាន​ភព​អង្គារ (Mars) ភព​ព្រហស្បតិ៍ (Jupiter) ភព​អ៊ុយរ៉ានុស (Unranus) ភពសុក្រ (Venus) ភពណិបទូន (Neptune) ភពពុធ (Mercury) និង​ភព​សៅរ៍ (Saturn)។ ភព​ទាំង​នេះ​អាច​មើល​ឃើញ​ភ្លាមៗ​បន្ទាប់​ពី​ថ្ងៃ​លិច។

លោក Greg Brown ​តារា​វិទូ​នៅ​សាកល​វិទ្យាល័យ Royal Observatory Greenwich បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​ព្យុហយាត្រា​នៃ​ភព» គឺ​ជា​ពេល​ដែល​ភព​ជា​ច្រើន​អាច​មើល​ឃើញ​នៅ​លើ​មេឃ​ក្នុង​ពេល​តែ​មួយ»។

ទោះបី​ជា​ភព​ទាំង​ ៧ នេះ​បង្ហាញ​ខ្លួន​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ មនុស្ស​មិន​អាច​មើល​ឃើញ​ភព​ទាំង​នេះ​ដោយ​ភ្នែក​ទទេ​ផ្ទាល់​នោះ​ទេ។​

ភព​ចំនួន​ ៤ គឺ ភព​ពុធ ភព​សុក្រ ភពព្រហស្បតិ៍ និង​ភព​អង្គការ អាច​មើល​ឃើញ​នឹង​​ភ្នែក​ផ្ទាល់​ ចំណែក​ឯ​ភព​សៅរ៍ ពិបាក​នឹង​មើល​ឃើញ​ដោយសារ​នៅ​ឆ្ងាយ​ ចំណែក​ភព​អ៊ុយរ៉ានុស និង ភព​ណិបទូន ត្រូវ​ការ​កែវយឹត​ទើប​មើល​ឃើញ។

ការ​មើល​ភព​ទាំង​នេះ​គួរ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ពេល​ថ្ងៃ​លិច។

តារាវិទូ​ណែនាំ​ឲ្យ​រក​កន្លែង​ស្រឡះ​ល្អ​និង​ចៀសវាង​ការ​ស្ថិត​នៅ​កន្លែង​មាន​ពន្លឺ​ខ្លាំង ឬ ការ​មើល​ទូរស័ព្ទ មុន​ពេល​ចាប់​ផ្ដើម​មើល​ភព​ទាំង​នេះ៕

ប្រភព៖ BBC, The Guardian