ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានតែងតាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio ជានាយកស្ដីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយលើកឡើងថា ជំនួយរបស់ទីភ្នាក់ងារនេះមិនបានបម្រើផលប្រយោជន៍ជាតិចម្បងរបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា USAID បានងាកចេញពីបេសកកម្មចម្បងរបស់ខ្លួនក្នុងការពង្រីកផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស និងមិនបានបម្រើដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ក្នុងជំហានជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រង និងយល់ឲ្យបានច្បាស់អំពីសកម្មភាពរបស់ទីភ្នាក់ងារនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតែងរដ្ឋមន្ត្រីការបរទេស Marco Rubio ជាប្រធានបណ្ដោះអាសន្ន។ លោក Rubio ក៏បានជូនដំណឹងសភាផងដែរថា ការពិនិត្យឡើងវិញទៅលើសកម្មភាពផ្ដល់ជំនួយបរទេសរបស់ USAID កំពុងត្រូវបានធ្វើឡើង ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារនេះឡើងវិញ»។
ក្រសួងការបរទេសអះអាងថា រាល់ផលប្រយោជន៍របស់ពលរដ្ឋអាមេរិកាំងត្រូវតែធានាឲ្យបាន ហើយប្រាក់ដែលពួកគេបង់ពន្ធមិនត្រូវបានចំណាយដោយឥតប្រយោជន៍នោះទេ។
ស្របពេលជាមួយគ្នានេះ បុគ្គលិក USAID រាប់រយនាក់កំពុងធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកប្រឆាំងនឹងចំណាត់ការរបស់លោក ដូណាល់ ត្រាំ។
មហាសេដ្ឋី Elon Musk ដែលមានតួនាទីពិសេសនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ បានថ្លែងកាលពីម្សិលមិញថា USAID នឹងត្រូវបិទលែងឲ្យមានដំណើរការ។
កាលពីថ្ងៃទី២៤ ខែមករា ប្រធានាធិបតី ត្រាំ បានបង្កករាល់ជំនួយបរទេសរបស់ USAID សម្រាប់រយៈពេល ៩០ថ្ងៃ ដែលចូលជាធរមានកាលពីថ្ងៃទី២៦ ខែមករា។ ការបង្កជំនួយនេះធ្វើឲ្យប៉ះពាល់ប្រទេសជាង ៣០ ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ។
អង្គការនិងស្ថាប័នដែលទទួលជំនួយពី USAID ជាច្រើននៅកម្ពុជាក៏រងផលប៉ះពាល់ផងដែរ ដូចជាសកម្មភាពមីនដែលទទួលបានជំនួយសម្រាប់ពីសហរដ្ឋអាមេរិក។
ភ្នំពេញប៉ុស្តិ៍បានដាក់សំនួរទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពាក់ព័ន្ធនឹងចំនួនអង្គការ និងស្ថាប័ន និងចំនួនទឹកប្រាក់ដែល USAID បានផ្ដល់ដល់អង្គការនិងស្ថាប័នទាំងនោះ ប៉ុន្តែ ស្ថានទូតបានបង្វែរសំនួរឲ្យសួរទៅក្រសួងការបរទេសសហរដ្ឋអាមេរិក។
កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ សហរដ្ឋអាមេរិកប្រកាសផ្តល់មូលនិធិជាង ១៧លានដុល្លារសម្រាប់គម្រោងលើកកម្ពស់សុខភាពនិង ដោះមីននៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Samantha Power ដែលកាលនោះជានាយកទីភ្នាក់ងារ USAID៕