ទិន្នន័យ​ថ្មី​មួយ​​បាន​បង្ហាញ​អំពី​ផល​ប៉ះ​ពាល់​ដ៏​គួរ​ឱ្យ​បារម្ភ​នៃ​ការ​បំពុល​ខ្យល់​មក​លើ​សុខភាព​កុមារ​រាប់​លាន​នាក់ ដែល​នេះ​បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​អន្តរាគមន៍​បន្ទាន់​ដើម្បី​ការពារ​សុខភាព និង​អនាគត​របស់​កុមារ។

ទិន្នន័យ​ដែល​អង្គការ​យូនីសេហ្វ​បាន​វិភាគ​បង្ហាញ​ថា ការ​បំពុល​ខ្យល់ ជាពិសេស​នៅ​ក្នុង​រដូវ​ប្រាំង ចាប់​ពី​ពេល​នេះ​រហូត​ដល់​កំឡុង​ខែមេសា ដែល​ឈាន​ឡើង​ដល់​ចំណុច​កំពូល​នៅ​តាម​តំបន់​ជាច្រើន​ អាច​ជា​កត្តា​ចំបង​មួយ​ដែល​បង្ក​ឲ្យ​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អាយុ​ជីវិត​និង​អាច​ឈាន​ដល់​ការ​ស្លាប់​របស់​កុមារ​ក្នុង​ក្រុម​អាយុ​ក្រោម ៥ឆ្នាំ ​ដែល​មាន​ចំនួន​ជាង ​១០០​នាក់​ជា​រៀង​រាល់​ថ្ងៃ។

កុមារ​ជាង​៥០០​លាន​នាក់​នៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​កំពុង​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​បំពុល​ខ្យល់​កម្រិត​ខ្ពស់​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​តាម​រយៈ​ការ​បំពុល​ខ្យល់​ក្នុង​ផ្ទះ​បង្ក​ពី​ការ​ប្រើប្រាស់​អុស​ដើម្បី​ចម្អិន​អាហារ​ដែល​អាច​បង្ក​ឲ្យ​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អាយុ​ជីវិត​របស់​កុមារ​អាយុ​ក្រោម​ ៥ឆ្នាំ។ នេះ​បើ​តាម​ការវិភាគ​បង្ហាញ​របស់​យូនីសេហ្វេ។

ទន្ទឹម​នឹង​នេះ​កុមារ​ប្រមាណ ៣២៥លាន​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​កម្រិត​ភាគ​ល្អិត​បំពុល​ខ្យល់ PM2.5​ ប្រចាំ​ឆ្នាំ​បាន​កើន​ឡើង​លើស​៥​ដង​នៃ​កម្រិត​ស្តង់ដារ​របស់​អង្គការសុខភាព​ពិភពលោក (WHO) ។
យូនីសេហ្វ​អះអាង​ថា​ ស្ទើរតែ​ពាក់​កណ្ដាល​នៃ ​PM2.5 នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​សារធាតុ​ពុល​​កម្រិត​ខ្ពស់​បំផុត​ បង្ក​ឡើង​ដោយ​ការ​ដុត​អុស ធ្យូង និង​ប្រេង​និង​សំណល់​កសិកម្ម ដែល​បង្កើត​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​ស្រី June Kunugi នាយិកាយូនីសេហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​កាល​ពី​ខែ​មិថុនា​ថា៖ «ការ​បំពុល​ខ្យល់​មាន​ផល​ប៉ះ​ពាល់​ដល់​កុមារ​ ប្រសិន​បើ​ពួក​គេ​ស្រូប​យក​ខ្យល់​ពុល​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ការ​អភិវឌ្ឍ​បញ្ញា​របស់​ពួក​គេ»។

ការ​បំពុល​ខ្យល់​ពុល​អាច​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​សុខាភិបាល​បង្កើន​បន្ទុក​ចំណាយ​សម្រាប់​ការ​ព្យាបាល​និង​បង្ក​ការ​រំខាន​ដល់​ការ​រៀន​សូត្រ។ ធនាគារពិភពលោក​បានប៉ាន់ស្មានថា នៅ​ឆ្នាំ​២០១៩ ការ​បំពុល​ខ្យល់​ពី PM2.5 បាន​បង្ក​ឱ្យ​មាន​ការ​ស្លាប់​មុន​អាយុ និង​ជំងឺ​នានា ដែល​ធ្វើ​ឱ្យ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​មាន​បន្ទុក​ចំណាយ​ចំនួន ៩,៣​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP) ​ដែល​ស្មើ​នឹង​ជាង ២,៥ ទ្រីលាន​ដុល្លារ​នៅ​តំបន់​នេះ។

យូនីសេហ្វ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា​នៅ​តំបន់​នេះ​ពង្រឹង​គោល​នយោបាយ​ការពារ​អាកាសធាតុ និង​បរិស្ថាន ដូចជា​ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​ពង្រឹង​បទដ្ឋាន​គុណភាព​ខ្យល់​ដែល​ស្រប​ជាមួយ​នឹង​គោលការណ៍​ណែនាំ​របស់​អង្គការសុខភាព​ពិភព​លោក​ដើម្បី​ការពារ​សុខភាព​របស់​កុមារ។

វិស័យ​ឯកជន​ក៏​ត្រូវ​ចូលរួម​ផង​ដែរ តាម​រយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន និង​ធានាថា ការអនុវត្ត និង​ផលិតផល​របស់​ខ្លួន​ផ្ដល់​អាទិភាព​ចំពោះ​សុវត្ថិភាព និង​សុខុមាល​ភាព​របស់​កុមារ។

យូនីសេហ្វ​កំពុងសហការជាមួយ​រដ្ឋាភិបាល វិស័យសុខាភិបាលវិស័យឯកជន និងសហគមន៍​នៅទូទាំង​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បី​ការពារ​កុមារ​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​បំពុល​ខ្យល់ ដូច​ជា​ការ​ជំរុញ​ឲ្យមាន​គោល​នយោបាយ​ការពារ​អាកាសធាតុ និង​បរិស្ថាន​សម្រាប់​កុមារ និង​ កាត់​បន្ថយ​ការ​បំពុល​ខ្យល់​តាម​គ្រប់​វិធី។
យូនីសេហ្វ​ជំរុញ​ឲ្យ​អាជ្ញាធរ​​តាម​ដាន​គុណភាព​ខ្យល់​ជា​ប្រចាំ​និង​ផ្សព្វផ្សាយ​របាយការណ៍​ជា​សាធារណៈ​ដើម្បី​ឲ្យ​សាធារណជន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ពង្រឹង​ប្រព័ន្ធសុខាភិបាល ដើម្បី​ដោះស្រាយ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​បំពុល​ខ្យល់​។