កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន នឹងធ្វើសមយុទ្ធយោធារួម​គ្នា​នៅឆ្នេរសមុទ្រអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

ប្រទេសទាំងបីដែលមាន​បំណងប្រាថ្នារួមគ្នាដើម្បីប្រឆាំងនឹងអ្វីដែលពួកគេកំណត់ថាជាអនុត្តរភាពរបស់អាមេរិក បានធ្វើសមយុទ្ធរបៀបនេះនៅក្នុងតំបន់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះ​ផ្សាយ​ថា៖​ «សមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅក្នុងកំពង់ផែ Chabahar ដែលមានទីតាំងនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ នៅលើឈូងសមុទ្រអូម៉ង់»។ ប៉ុន្តែ អាជ្ញាធរ​មិន​បានបញ្ជាក់អំពីរយៈពេលនៃ​សមុទ្ធ​នេះ​ទេ។

យោងតាម ​​Tasnim នាវាចម្បាំង​និងកងកម្លាំងជើងទឹកចិន និង រុស្ស៊ី ក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹកអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍​ ត្រូវបានគេរំពឹងថានឹងចូលរួម​ក្នុង​សមយុទ្ធ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Tasnim បានឲ្យ​ដឹង​ថា​ សមយុទ្ធនេះនឹងប្រព្រឹត្តទៅ «នៅភាគខាងជើងមហាសមុទ្រឥណ្ឌាដោយមានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសដែលចូលរួម»។

អាស៊ែបៃហ្សង់ អាហ្រ្វិកខាងត្បូង អូម៉ង់ កាហ្សាក់ស្ថាន ប៉ាគីស្ថាន កាតា អ៊ីរ៉ាក់ អារ៉ាប់រួម និងស្រីលង្កា នឹងចូលរួម​ក្នុង​នាម​ជាអ្នកសង្កេតការណ៍៕