
នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra។ The Nation
កងកម្លាំងសន្តិសុខអាចនឹងត្រូវបង្កើននៅភាគខាងត្បូងប្រទេស បន្ទាប់ពីការវាយប្រហារដោយក្រុមបះបោរយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃសៅរ៍។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញ អ្នកស្រីបាននិយាយថា កងកម្លាំងសន្តិសុខវេនយប់គួរតែត្រូវបានពង្រឹង តែយ៉ាងណាក៍ដោយជាដំបូងអ្នកស្រីត្រូវប្រឹក្សាជាមួយភ្នាក់ងារសន្តិសុខដែលពាក់ព័ន្ធ។
អ្នកស្រីបានពន្យល់ទៀតថា ការវាយប្រហារបែបនេះជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សាធារណៈ។ ដូច្នេះការរឹតបន្តឹងសន្តិសុខគឺមានសារៈសំខាន់ខ្លាំងណាស់។

ទីតាំងវាយប្រហារកាលពីថ្ងៃសៅរ៍។ The Nation
គួរឲ្យដឹងផងដែរថា កាលពីយប់ថ្ងៃសៅរ៍ ការវាយប្រហាររបស់ក្រុមបះបោរចំនួនបីលើក បានកើតឡើងនៅខេត្តណារ៉ាធីវ៉ាត់ ដោយរបាយការណ៍បឋមបានបង្ហាញថា មន្ត្រីការពារជាតិស្ម័គ្រចិត្តពីរនាក់ត្រូវបានសម្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកអ្នកស្រី Paetongtarn បានទទួលព័ត៌មានថ្មីៗពីភ្នាក់ងារសន្តិសុខ ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣នាក់ហើយ។
អ្នកស្រី Paetongtarn Shinawatra បានធានាថា គ្រួសារអ្នកស្លាប់ និងអ្នករងរបួសនឹងទទួលបានសំណងពេញលេញពីរដ្ឋាភិបាល ហើយអ្នកស្រីក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕ ប្រភព៖ ANN/The Nation