យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រនៅក្នុងថ្ងៃចន្ទនេះ ប៉ុន្មានម៉ោងបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នាប្រចាំឆ្នាំដ៏ធំរបស់ពួកគេ ដែលធ្វើអោយកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមបែប​ឈ្លានពាន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់កាំជ្រួចដែលជាព្រឹត្តិការណ៍លើកទី៥របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ ត្រូវបានរកឃើញពីខេត្ត ​Hwanghae ភាគនិរតីរបស់កូរ៉េខាងជើង។

យោធាបាននិយាយថា កូរ៉េខាងត្បូងបានពង្រឹងឥរិយាបថឃ្លាំមើលរបស់ខ្លួន និងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

នៅព្រឹកថ្ងៃចន្ទនេះ​ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមលំហាត់សមយុទ្ធរួម​គ្នា​ឈ្មោះ​ថា «ការការពារ​សេរីភាព» ឬ Freedom Shield ប្រចាំឆ្នាំ ដែលជាការហ្វឹកហ្វឺនរួមបញ្ចូលគ្នាដ៏សំខាន់ជាលើកដំបូងរបស់ពួកគេក្នុងអាណត្តិទីពីររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រសួងការបរទេសកូរ៉េខាងជើងបានព្រមាននៅ​ថ្ងៃចន្ទ​នេះ អំពីហានិភ័យនៃការហ្វឹកហ្វឺនចុងក្រោយបំផុតដែលបង្កឱ្យមាន «ជម្លោះផ្ទាល់» នៅលើឧបទ្វីបកូរ៉េ ហើយបានហៅសមយុទ្ធនេះថាជាការហាត់សមសង្រ្គាម​ឈ្លានពាន និងជាការប្រឈមមុខដាក់គ្នា និងបានរំលឹកឡើងវិញនូវគោលដៅរបស់មេដឹកនាំគីម ជុងអ៊ុន ក្នុងការបង្កើនកម្លាំងនុយក្លេអ៊ែររបស់លោក ដើម្បីប្រឆាំងនឹងអ្វីដែលលោក​អះអាងថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន៕