
ហ្វីលីពីន៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារទី១១ ខែមីនានេះ នៅទីក្រុងម៉ានីល បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសង្គ្រាមគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សបាននិយាយថា ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ត្រូវបានសម្លាប់។
យោងតាមរដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថា លោក Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល បន្ទាប់ពីវិលត្រឡប់មកពីទីក្រុងហុងកុង។
លោក Duterte អាយុ ៧៩ ឆ្នាំគឺជាអ្នកនយោបាយដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសហ្វីលីពីន ពីឆ្នាំ ២០១៦ ដល់ ២០២២។
លោកគឺជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហ្វីលីពីន ជាពិសេសលោកត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ខ្លាំងបំផុតផងដែរ៕