
លោក Elon Musk និងរថយន្ត Tesla។ AFP
ញូវដេលី៖ លោក Elon Musk ចោទថា ការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំដែលផ្តោតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់(អតីត Twitter) មានដានឌីជីថលមកពីប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Musk បាននិយាយថា៖ «យើងមិនប្រាកដថាមានអ្វីកើតឡើងនោះទេ ប៉ុន្តែមានការវាយលុកតាមអ៊ីនធឺណិតដ៏ធំមួយ ដើម្បីព្យាយាមបំផ្លាញប្រព័ន្ធ X ដែលមានអាស័យដ្ឋាន IP Address ចេញពីប្រភពមកនៅប្រទេសអ៊ុយក្រែន»។
ការវាយប្រហារដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ បានរីករាលដាលនៅទូទាំងអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ដោយគេហទំព័រ Downdetector ដែលជាគេហទំព័រតាមដានការរំខាននៃសេវាកម្មអ្នកប្រើប្រាស់ បានរាយការណ៍ថា មនុស្សមិនអាចចូលប្រើ X សម្រាប់រយៈពេលវែងមួយ។
នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋី CEO របស់ក្រុមហ៊ុន Tesla និង SpaceX បានស្តីបន្ទោសការវាយប្រហារតាមអ៊ីនធឺណិតចំពោះបញ្ហាមួយនេះនៅបណ្ដាញសង្គម X។
លោក Musk បានអះអាងថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងគាត់ ចំពោះការដឹកនាំនៅក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលស្ថិតក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ៕