
លោក ត្រាំ បញ្ឈប់ផែនការដំឡើងពន្ធ ៥០% លើការនាំចូលដែកថែប និងលោហៈ ពីប្រទេសកាណាដា ក្រោយពីកាណាដាប្រកាសដាក់ពន្ធទៅលើអគ្គិសនីរបស់អាមេរិកវិញ ប៉ុន្តែពន្ធ ២៥% នៅតែដំណើរការ និងចូលជាធរមាននៅថ្ងៃទី ១២ ខែមីនានេះ។
ការសម្រេចចិត្តលុបចោលផែនការដំឡើងពន្ធ៥០% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពី លោក Doug Ford អភិបាលខេត្ត Ontario នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពន្ធ ២៥% លើអគ្គិសនីដែលនាំចេញទៅអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងវិធានការពន្ធរបស់ប្រធានាធិបតីអាមេរិក។
កាណាដា បានផ្គត់ផ្គងការប្រើប្រាស់អគ្គិសនីដល់រដ្ឋចំនួន ៣ របស់អាមេរិករួមមាន រដ្ឋមីនីសូតា ញូវយ៉ក និងមីឈីហ្គែន ដែលក្នុងនោះមានប្រជាជនប្រមាណ១,៥ លាននាក់ ប្រើប្រាស់អគ្គិសនីពីកាណាដា។
លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់លោក ត្រាំ បានប្រាប់ទូរទស្សន៍ CNBC នៅថ្ងៃពុធនេះថា លោក ត្រាំ លែងមានគម្រោងដំឡើងពន្ធចំនួន៥០% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាទៀតហើយ។
សូមជម្រាបថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតមួយរបស់អាមេរិក ប៉ុន្តែកាណាដា បានខឹងយ៉ាងខ្លាំងទៅលើអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ ដែលបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនៅក្នុងខែដំបូង ក្នុងនាមជាប្រធានាធិបតី៕
ប្រភព៖ BBC