សហភាព​អឺរ៉ុប​សង​សឹក​សហរដ្ឋ​អាមេរិក​ដោយ​ប្រកាស​យក​ពន្ធ​ទំនិញ​អាមេរិក​២៨​ពាន់​លាន​ដុល្លារ ក្រោយ​ពេល​អាមេរិក​យក​ពន្ធ​​លើ​ដែក​ថែប និង អាលុយមីញ៉ូម​ពី​អឺរ៉ុប​ក្នុង​អត្រា​ ២៥​ភាគរយ ដែល​ចូល​ជាធរមាន​នៅ​ថ្ងៃ​នេះ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​ទី១២​ ខែមីនា​នេះ​ ក្នុង​ទឹកប្រាក់ ២៦​ពាន់​លាន​អឺរ៉ូ​ ឬ ២៨ពាន់​លាន​ដុល្លារ​ទៅ​លើ​ទំនិញ​ពី​សហរដ្ឋ​អាមេរិក។

លោកស្រី​បញ្ជាក់​ថា សហភាព​អឺរ៉ុប​នៅ​តែ​បើក​ទ្វារ​សម្រាប់​ការ​ចរចា ហើយ​ក៏​អាច​នឹង​ដំឡើង​អត្រា​ពន្ធ​នេះ​ផង​ដែរ។ ការ​ដាក់​ពន្ធ​គយ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៣ ខែមេសា​ខាង​មុខ។

លោក​ស្រី​ថ្លែង​ថា៖ «វិធានការ​តបត​ដែល​យើង​ប្រកាស​នៅ​ថ្ងៃ​នេះ​វា​ធ្ងន់ ប៉ុន្តែ សមាមាត្រ​គ្នា។ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ដាក់​ពន្ធ​មាន​ទឹកប្រាក់ ២៨​ពាន់​លាន​ដុល្លារ យើង​ក៏​ឆ្លើយ​តប​ដោយ​វិធានការ​តទល់​ដែល​មាន​តម្លៃ ២៦​ពាន់​លាន​អឺរ៉ូ»។

លោក​ស្រី​ថា សហភាព​អឺរ៉ុប ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​និង​អាជីវកម្ម ហើយ​ពន្ធ​ដែល​នឹង​ដាក់​នេះ នឹង​មាន​ទៅ​លើ​ផលិតផល​រាប់​ចាប់​ពី​ទូក​ រហូត​ដល់​ម៉ូតូ។ សហភាព​អឺរ៉ុប​ក៏​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​រយៈ​ពេល ២ សប្ដាហ៍​ដើម្បី​បន្ថែម​មុខ​ទំនិញ​ផ្សេង​ទៀត​ពី​សហរដ្ឋ​អាមេរិក។

យោង​តាម​ស្ថិតិ​របស់​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប​នាំចេញ​ក្នុង​ទឹកប្រាក់ ៥៣១,៦​ពាន់​លាន​អឺរ៉ូ ទៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២៤ ចំណែក​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​មាន​ទំហំ ៣៣៣.៤​ពាន់​លាន​អឺរ៉ូ។ ការ​នាំ​ចេញ​ទៅ​អាមេរិក​កើន​ឡើង​ជាង ៥ភាគរយ ចំណែក​ការ​នាំចូល​ពី​អាមេរិក​ធ្លាក់​ចុះ ៤ភាគរយ៕