
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និង រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman។ Xinhua
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទទួលយកសំណើឈប់បាញ់គ្នារយៈពេល ៣០ ថ្ងៃដែលសហរដ្ឋអាមេរិកបានស្នើឡើង ខណៈដែលសំណើនេះកំពុងរង់ចាំការឆ្លើយតបពីភាគីរុស្ស៊ី។
លោក Zelensky បានថ្លែងនៅលើបណ្ដាញសង្គម X កាលពីប៉ុន្មានម៉ោងមុននេះថា៖ «អ៊ុយក្រែនរួចរាល់ហើយក្នុងការទទួលយកសំណើនេះ។ យើងមើលឃើញថាវាជាជំហានវិជ្ជមាន ហើយយើងត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលយក។ ពេលនេះគឺស្រេចតែសហរដ្ឋអាមេរិកក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីឲ្យត្រៀមខ្លួនទទួលយកសំណើនេះដូចគ្នា។ ប្រសិនបើរុស្ស៊ីទទួលយក កិច្ចឈប់បាញ់គ្នានឹងចាប់ផ្ដើមភ្លាមៗតែម្ដង»។
ការវិវត្តវិជ្ជមាននេះ មានឡើងនៅក្នុងកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលក្នុងជំនួបនេះ អ៊ុយក្រែនបានស្នើឡើង ៣ ចំណុចធំៗ រួមមាន ភាពស្ងាត់នៅលើមេឃ គឺ១, ការបញ្ឈប់ការការបាញ់មីស៊ីល ការទម្លាក់គ្រាប់បែក និងការប្រើបាញ់ប្រហារដោយប្រើដ្រូន ២, ភាពស្ងប់ស្ងាត់នៅសមុទ្រ និងដោះលែងអ្នកទោសសង្គ្រាម និងការបញ្ជូនត្រឡប់ពលរដ្ឋអ៊ុយក្រែនដែលរុស្ស៊ីបង្ខំឲ្យផ្លាស់ទីទៅរុស្ស៊ី។
លោក Zelensky ថ្លែងថា ភាគីអាមេរិកមិនត្រឹមតែពិចារណាលើសំណើរបស់អ៊ុយក្រែនលើ ៣ ចំណុចនោះទេ ថែមទាំងបានពិចារណាលើទិដ្ឋភាពធំជាងនេះ ដោយចាប់ផ្ដើមដំបូងពីការឈប់បាញ់គ្នាទាំងស្រុងសម្រាប់រយៈពេល ៣០ ថ្ងៃគ្រប់ទីកន្លែង មិនមែនឈប់បាញ់មីស៊ីល ទម្លាក់គ្រាប់បែកនៅសមុទ្រខ្មៅនោះទេ គឺនៅតាមជួរមុខទាំងអស់។
លោកថ្លែងថា៖ «ភាគីអាមេរិកយល់ពីការលើកឡើងរបស់យើង ហើយពិចារណាលើសំណើរបស់យើង។ ខ្ញុំសូមដឹងគុណប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់កិច្ចសន្ទនាបែបស្ថាបនានេះរវាងក្រុមការងាររបស់យើងទាំងពីរ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marcho Rubio បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនបានទទួលយកបទឈប់បាញ់នេះ និងយល់ព្រមចាប់ផ្ដើមចរចាដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាម។
លោកថា៖ «ឥឡូវនេះយើងរង់ចាំចម្លើយពីភាគីរុស្ស៊ី។ យើងសង្ឃឹមថា ពួកគេនឹងយល់ព្រម ហើយឥឡូវនេះ បាល់គឺនៅលើជើងរបស់គេ។ ជាថ្មីម្ដងទៀត គោលបំណងរបស់ប្រធានាធិបតី ត្រាំ គឺចង់ឲ្យសង្គ្រាមចប់»។
លោក Rubio ក៏បានបញ្ជាក់ផងដែរថា ពេលនេះ សហរដ្ឋអាមេរិកសម្រេចផ្ដល់ជំនួយយោធា និងចែករំលែកព័ត៌មានចារកម្មដល់អ៊ុយក្រែនឡើងវិញ បន្ទាប់ពីជំនួយនេះត្រូវបានផ្អាកកាលពីសប្ដាហ៍មុននេះ។
មេដឹកនាំមួយចំនួននៅលើពិភពលោក បានចេញសារគាំទ្រនិងអបអរសាទរចំពោះការវិវត្តចុងក្រោយនេះ៕