
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា លោកអាចនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន បដិសេធមិនយល់ព្រមបទឈប់បាញ់នៅអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបាននិយាយថា៖ «អ្វីដែលខ្ញុំអាចធ្វើបានហើយអ្នកមិនសប្បាយចិត្តគឺពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុ»។
ការព្រមានរបស់លោកកើតឡើងនៅពេលដែលសម្ពាធកើនឡើងលើទីក្រុងម៉ូស្គូ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។
នៅពេលសួរថាតើលោកអាចបង្ខំលោកពូទីនដោយរបៀបណានោះ លោក ត្រាំ បាននិយាយថា៖ «យើងអាចធ្វើរឿងអាក្រក់ជាច្រើនសម្រាប់រុស្ស៊ី ប៉ុន្តែខ្ញុំមិនចង់ព្រោះខ្ញុំចង់ឃើញសន្តិភាព»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយអំពីកិច្ចពិភាក្សាថា ប្រសិនបើការឆ្លើយតបរបស់ពួកគេថា «ទេ» គឺវាបង្ហាញថាជាចេតនាច្បាស់លាស់។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey បានជំរុញឱ្យលោក ពូទីន ទទួលយកបទឈប់បាញ់ ដោយចាប់ផ្តើមការចរចា និងបញ្ចប់សង្គ្រាម។ លោកបានបន្ថែមថា៖ «ខ្ញុំប្រាប់លោក ពូទីន ដល់វេនអ្នកហើយឥឡូវនេះ»។
កាលពីយប់មិញ លោក ពូទីន ត្រូវបានគេថតរូបនៅតំបន់ Kursk ក្នុងទឹកដីរុស្ស៊ីជាលើកដំបូងចាប់តាំងពីអ៊ុយក្រែនបានវាយប្រហារតំបន់នោះ។
គួរឲ្យដឹងផងដែរថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទទួលយកសំណើឈប់បាញ់គ្នារយៈពេល ៣០ ថ្ងៃដែលសហរដ្ឋអាមេរិកបានស្នើឡើង ខណៈដែលសំណើនេះកំពុងរង់ចាំការឆ្លើយតបពីភាគីរុស្ស៊ី៕