
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រកាសថានឹងដំណើរការកាត់ទោសអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក្នុងពេលវេលាសមស្រប និងបានបញ្ជូនលោកទៅពន្ធនាគារ Scheveningen ខណៈពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ប្រឆាំងនឹងការចាប់ខ្លួននេះ។
ICC បានថ្លែងនៅលើសេចក្ដីថ្លែងការណ៍របស់ខ្លួនថា លោក Duterte ត្រូវបានបញ្ជូនខ្លួនទៅកន្លែងឃុំឃាំងកាលពីថ្ងៃទី១២ខែមីនា ក្រោយពីពេលបានទៅដល់ទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀន។
សេចក្ដីថ្លែងការណ៍របស់ ICC បញ្ជាក់ថា លោក Duterte ដែលជាស្ថាបនិកក្រុមមួយឈ្មោះថា Davao Death Squad ឬក្រុមមរណៈទីក្រុង Davao ហើយបានក្លាយជាអភិបាលក្រុង Davao មុនពេលក្លាយជាប្រធានាធិបតីហ្វីលីពីន គឺជាអ្នកទទួលខុសត្រូវសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមមាត្រា ៧(១) នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលប្រព្រឹត្តឡើងពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
ICC ថ្លែងថា៖ «លោក Duterte ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសទាំងនេះជាផ្នែកមួយនៃការវាយប្រហារដ៏ទូលំទូលាយ និងជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល តាមគោលនយោបាយស្ថិតក្រោមរចនាសម្ព័ន្ធនៅពេលដែលលោក Duterte នៅជាប្រធាន Davao Death Squad»។
ពាក់ព័ន្ធនឹងរឿងនេះ ពលរដ្ឋហ្វីលីពីនដែលជាអ្នកគាំទ្រហ្វីលីពីនរាប់ពាន់នាក់ បានចូលទៅបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុករបស់ ICC ដើម្បីការពារលោក Duterte និងស្នើឲ្យ ICC ដោះលែងនិងបញ្ជូនលោកត្រឡប់ទៅវិញ។
អ្នកគាំទ្ររាប់រយនាក់ទៀតបានប្រមូលផ្ដុំគ្នានៅមុខពន្ធនាគារ Scheveningen ដើម្បីបង្ហាញការគាំទ្រលោក Duterte និងសុំឲ្យតុលាការ ICC ដោះលែងលោក។
សង្គ្រាមគ្រឿងញៀនរបស់លោក Duterte ត្រូវបានរាយការណ៍ថា បាននាំឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ដោយករណីសម្លាប់ខ្លះកើតឡើងពីការសង្ស័យ៕