ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួនជន​ជាតិ​រុស្ស៊ី​ម្នាក់​​ដែល​ជា​ប្រធាន​កប៉ាល់​ដឹក​ទំនិញ Solong ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​កប៉ាល់​ដឹក​ប្រេង​សម្រាប់​យោធា​អាមេរិក​​​​ ដោយ​សង្ស័យ​រឿង​​ឃាតកម្ម និង​ធ្វេសប្រហែស។

បន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកទំនិញបុកជាមួយនឹងកប៉ាល់ដឹកប្រេងសម្រាប់យន្តហោះ​យោធាអាមេរិកផ្ទុះឆេះនៅ​ថ្ងៃ​ទី១០ ខែមីនា ប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើករណីមួយនេះហើយបានចាប់ខ្លួនបុរសអាយុ ៥៩ ឆ្នាំម្នាក់ដែលមកពីកប៉ាល់ដឹកទំនិញ Solong ដោយសង្ស័យពីបទឃាតកម្ម តាម​រយៈ​ការធ្វេសប្រហែស។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​នាវាដឹកទំនិញ Solong បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា​ បុរសដែលត្រូវបានចាប់ខ្លួនគឺជាប្រធានក្រុមកប៉ាល់ ហើយគាត់ជាជនជាតិរុស្ស៊ី ហើយអ្នក​នាំ​ពាក្យ​រូប​នេះ ហើយ​ក្រុម​នាវិក​ដែល​នៅ​សល់​គឺ​ជា​ជនជាតិ​រុស្ស៊ី និង​ហ្វីលីពីន។

នៅក្នុងហេតុការណ៍នោះ កប៉ាល់ដឹកទំនិញ Solong ពាក់​ទង់ជាតិ​ព័រទុយហ្គាល់ បានបុកកប៉ាល់ដែលមានទង់ជាតិអាមេរិក Stena Immaculate ដែលជាកប៉ាល់ដឹកប្រេង​នៅ ពេល​​ប៉ាល់ដឹកប្រេងនេះ បាន​បោះយុថ្កានៅសមុទ្រខាងជើង ដោយមានផ្ទុកប្រេងឥន្ធនៈយន្តហោះ​សម្រាប់យោធាអាមេរិក។

ការ​ប៉ះ​ទង្គិច​នេះ ធ្វើឲ្យ​ផ្ទុះ​ឆេះ​ បំផ្លាញនាវាទាំងពីរយ៉ាងសន្ធោសន្ធៅនៅកណ្តាលសមុទ្រ នាំឲ្យ​មានការជួយសង្គ្រោះបន្ទាន់ដោយឆ្មាំឆ្នេរសមុទ្រអង់គ្លេស។

នាយកប្រតិបត្តិនៃកំពង់ផែ Grimsby បានសម្តែង​ការ​ហួស​ចិត្ត ចំពោះហេតុការណ៍ដែលបានកើតឡើង ដោយគាត់បាននិយាយថា៖ «វាហាក់ដូចជាអាថ៌កំបាំងមួយ ពីព្រោះនាវាទាំងអស់ឥឡូវនេះមានឧបករណ៍បច្ចេកទេសដ៏ទំនើបបំផុតសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល និងដើម្បីមើលឧបសគ្គ ឬអ្វីដែលពួកគេត្រូវចៀសវាង។ តើ​កប៉ាល់​ដឹកទំនិញអាចបន្ត​ចូល​បុកកប៉ាល់ដឹកប្រេង​ដោយ​របៀប​ណា? វាគួតែមានសញ្ញាព្រមាន ហើយពួកគេច្បាស់ជាអាចមើលឃើញវានៅលើរ៉ាដា»។

នៅក្នុងករណីនេះ ប៉ូលិសអង់គ្លេសនៅតែបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត៕ ប្រភព៖ CNN