
អាវុធនុយក្លេអ៊ែររបស់អាមេរិកប្រភេទ B61-12 នៅមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri។ USAF
ប៉ូឡូញ៖ ប្រធានាធិបតីប៉ូឡូញ Andrzej Duda បានអំពាវនាវជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសប៉ូឡូញ ស្របពេលមានការភ័យខ្លាចពីប្រទេសរុស្ស៊ី។
លោក Duda បានអំពាវនាវនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយបានអំពាវនាវដូច្នេះម្តងទៀត ហើយការអំពាវនាវនេះដែរលោកក៏ធ្លាប់បានធ្វើនៅក្នុងរដ្ឋបាលរបស់លោក Biden ក្នុងឆ្នាំ ២០២២ ម្តងរួចមកហើយ។
ទីប្រឹក្សារបស់ Duda សម្រាប់កិច្ចការអន្តរជាតិ លោក Wojciech Kolarski បានតាមបញ្ជាក់អំពីអំពាវនាវរបស់ Duda ជាមួយនឹងបទសម្ភាសន៍មួយនៅលើវិទ្យុ RMF FM របស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះលោកបានអះអាងថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹងធ្វើឲ្យប្រសើរឡើងដល់សន្តិសុខសម្រាប់ប្រទេសប៉ូឡូញ ក៏ដូចជាសមាជិកណាតូនៅតាមបណ្តោយផ្នែកខាងកើតនៃសម្ព័ន្ធមិត្តដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែន បេឡារុស និងដែនដី Kaliningrad របស់រុស្ស៊ី។
នាយករដ្ឋមន្ត្រី Donald Tusk ដែលជាគូប្រជែងនយោបាយរបស់ Duda បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសប៉ូឡូញក៏កំពុងពិភាក្សាជាមួយបារាំងទាក់ទងនឹងសំណើរបស់ប្រធានាធិបតី Emmanuel Macron ក្នុងការប្រើប្រាស់នុយក្លេអ៊ែររបស់ប្រទេសបារាំងដើម្បីការពារទ្វីបអឺរ៉ុបពីការគំរាមកំហែងរបស់រុស្ស៊ីផងដែរ ប៉ុន្តែការពិភាក្សានេះត្រូវបានទីក្រុងមូស្គូបានហៅថា«ជាការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង»។
លោក Tusk បានធ្វើអត្ថាធិប្បាយទៅកាន់សភាបន្ទាប់ពីការស្នើឡើងដោយប្រធានាធិបតីបារាំង លោក Macron ក្នុងការពិភាក្សាយុទ្ធសាស្ត្រលើការប្រើប្រាស់នុយក្លេអ៊ែររបស់ប្រទេសបារាំងដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុប ដោយការពិភាក្សានេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
គួរឱ្យដឹងផងដែរថា ប្រទេសបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប៕