
ប្រធានាធិបតីរុស្ស៊ី វ្លាឌឺមៀរ ពូទីន នៅថ្ងៃទី១៣ មីនា។ AP
ប្រធានាធិបតីរុស្ស៊ី វ្លាឌឺមៀរ ពូទីន អះអាងថាលោកយល់ស្របជាមួយនឹងគំនិតស្ដីពីការឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែបានលើកឡើងពីចម្ងល់ជាច្រើនអំពីបទឈប់បាញ់នេះ ហើយថាលោកចង់ជជែកជាមួយលោក ដូណាល់ ត្រាំ ផ្ទាល់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែមីនា ឆ្លើយតបទៅនឹងផែនការឈប់បាញ់គ្នារយៈពេល ៣០ ថ្ងៃដែលអ៊ុយក្រែនបានយល់ព្រមជាមួយអាមេរិកនៅដើមសប្ដាហ៍នេះ លោក ពូទីន ថា គំនិតនេះជារឿងត្រឹមត្រូវហើយ ប៉ុន្តែលោកមានសំណួរជាច្រើនដែលត្រូវពិភាក្សាជាមុន។
លោកថា៖ «បទឈប់បាញ់គួរតែនាំទៅដល់សន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃវិបត្តិនេះ។ យើងត្រូវតែចរចាជាមួយសហការីអាមេរិកាំងនិងដៃគូផ្សេងៗ។ ប្រហែលជាខ្ញុំនឹងទូរស័ព្ទនិយាយជាមួយលោក ដូណាល់ ត្រាំ»។
លោក ពូទីន ចោទជាសំណួរថា៖ «តើបទឈប់បាញ់រយៈពេល៣០ថ្ងៃនេះប្រើដើម្បីអ្វី? ដើម្បីឲ្យអ៊ុយក្រែនប្រមូលទ័ព? បំពាក់អាវុធឡើងវិញ? ហ្វឹកហាត់មនុស្ស? ឬក៏មិនមែនរឿងទាំងអស់នេះ? សំណួរគឺ តើបទឈប់បាញ់នេះ អ្នកណាជាអ្នកគ្រប់គ្រង? អ្នកណាជាអ្នកបញ្ជាឲ្យឈប់បាញ់ ហើយក្នុងតម្លៃណា? តើអ្នកណាជាអ្នកកំណត់ថា ភាគីម្ខាងបានរំលោភលើបទឈប់បាញ់នេះនៅព្រំដែន ២០០០គីឡូម៉ែត្រនោះ? សំណួរទាំងនេះត្រូវការយកចិត្តទុកដាក់ពីភាគីទាំងសងខាង។ តើអ្នកណានឹងគ្រប់គ្រងវា?»។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្លែងក្រោយការលើកឡើងរបស់លោក ពូទីន ថា អ្វីដែលលោក ពូទីន លើកឡើងគឺមានន័យស្មើនឹងបដិសេធចំពោះបទឈប់បាញ់នេះ។
លោកថា៖ «ពិតណាស់ ពូទីន មិនហ៊ានប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រង់ៗទេថា លោកចង់បន្តសង្គ្រាមនេះ លោកចង់សម្លាប់ពលរដ្ឋអ៊ុយក្រែន»។
លោកបន្តថា អ្វីដែលរុស្ស៊ីបានលើកឡើង ដែលជាបុរេលក្ខខណ្ឌនេះ មានន័យថា គ្មានអ្វីអាចកើតឡើងបានទេ។
លោក ត្រាំ ថ្លែងនៅសេតវិមានក្រោយការលើកឡើងរបស់លោក ពូទីន ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងថា លោកចង់ជួបជាមួយមេដឹកនាំរុស្ស៊ី ហើយសង្ឃឹមថា លោក ពូទីន នឹងយល់ព្រមទៅលើបទឈប់បាញ់។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានសម្លាប់មនុស្សជាង ៩៥០០០នាក់ពីភាគីរុស្ស៊ី និងជាង ៤៣០០០នាក់ពីភាគីអ៊ុយក្រែន៕ ប្រភព៖ BBC