សហរដ្ឋ​បាន​បណ្ដេញ​ចេញ​​ជនជាតិ​វេណេហ្ស៊ុយអេឡា​សរុប ២៦១នាក់ ទៅ​កាន់​ពន្ធនាគារ Supermax នៅ​ប្រទេស​អែលសាល់វ៉ាឌ័រ ទោះ​បី​ជា​ចៅក្រម​អាមេរិក​ជំទាស់​នឹង​ការ​បណ្ដេញ​ចេញ​នេះ​ក៏​ដោយ។

ប្រធានាធិបតី​អែលសាល់វ៉ាឌ័រ បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​ទាំង ២៣៨​នាក់​គឺ​ជា​ក្រុម​នៃ​ឧក្រិដ្ឋជន​ឈ្មោះ Tren de Aragua ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​ អែលសាល់វ៉ាឌ័រ ជាមួយ​នឹង​មនុស្ស​ ២៣​នាក់​ទៀត​ដែល​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ MS-13 កាល​ពី​អាទិត្យ។ ប៉ុន្តែ មិន​មាន​លម្អិត​ថា​តើ​ពួក​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

រដ្ឋបាល​លោក ដូណាល់ ត្រាំ កាល​ពី​ចុង​សប្ដាហ៍​បាន​គាស់​កកាយ​ច្បាប់​សម័យ​សង្គ្រាម​មួយ​ដែល​មាន​រយៈ​ពេល​មួយ​សតវត្សរ៍​មក​ហើយ គឺ​ច្បាប់ Alien Enemies Act of 1798​ យក​មក​អនុវត្ត​ឡើង​វិញ ដើម្បី​ជា​សំអាង​សម្រាប់​ការ​បណ្ដេញ​ចេញ​នានា​ ទោះ​បី​ជា​ដីកា​របស់​តុលាការ​សហព័ន្ធ​រារាំង​មិន​ឲ្យ​មាន​ការ​បណ្ដេញ​ពួក​គេ​ចេញ។​

នាង​ Karoline Leavitt អ្នក​នាំ​ពាក្យ​សេតវិមាន​ថ្លែង​ថា រដ្ឋបាល​លោក ត្រាំ មិន​បាន​ជំទាស់​ទៅ​នឹង​ដីកា​របស់​តុលាការ​ទេ ប៉ុន្តែ​ថា ដីកា​នោះ​មិន​មាន​មូលដ្ឋាន​ច្បាប់ ហើយ​ម៉្យាង​ទៀត​ដីកា​នោះ​ចេញ​ក្រោយ​ពេល​«ក្រុម​ភេរវករ» ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទឹក​ដី​អាមេរិក​រួច​ហើយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​អនុវត្ត​ការ​រឹត​បន្តឹង​ទិដ្ឋាការ​សម្រាប់​ការ​ចូល​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ក្នុង​នោះ​ពលរដ្ឋ​ពី​វេណេហ្ស៊ុយអេឡា​ និង​ប្រទេស​១០​ទៀត​នឹង​ត្រូវ​បដិសេធ​ទិដ្ឋាការ​តែ​ម្ដង ដោយ​ពួក​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម។

ប្រទេស​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ដាក់​ក្នុង​បញ្ជី​ពណ៌​​ទឹក​ក្រូច ដែល​នឹង​ប៉ះពាល់​ទៅ​លើ​ទិដ្ឋាការ​សម្រាប់​ទេសចរ និស្សិត។ ចំណែក​ប្រទេស​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌​លឿង ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង អាច​ត្រូវ​ប្រឈម​ការ​ហាម​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក ឬ មាន​ការ​រឹត​បន្តឹង​ផ្សេង​ទៀត។ យ៉ាង​ណា​ក៏​ដោយ វិធានការ​រឹត​បន្តឹង​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​រៀប​ចំ​នេះ​ អាច​ប្រែ​ប្រួល​ នៅ​ពេល​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ៕