
អាកាសធាតុដ៏អាក្រក់បានបង្កជាខ្យល់ព្យុះកំបុតត្បូង ព្យុះធូលី និងភ្លើងឆេះព្រៃ នៅពាសពេញទូទាំងរដ្ធជាច្រើនរបស់សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រថយន្តធុនធំ នឹងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧ នាក់ ខណៈដែលអាកាសធាតុត្រូវគេព្យាករថានងកាន់តែធ្ងន់ធ្ងរ។
ចំនួនអ្នកស្លាប់បានកើនឡើងបន្ទាប់ពីក្រុមល្បាតផ្លូវហាយវេនៅរដ្ឋ Kansas បានរាយការណ៍ថាមនុស្ស ៨ នាក់បានស្លាប់នៅក្នុងគំនរផ្លូវហាយវេដែលបណ្តាលមកពីព្យុះធូលី ហើយយ៉ាងហោចណាស់មានរថយន្តធុនធំចំនួន ៥០ គ្រឿងបានបំផ្លាញ។
នៅក្នុងរដ្ឋ Mississippi លោក Tate Reeves ដែលជាអភិបាលរដ្ឋ បានប្រកាសនៅលើបណ្ដាញសង្គម X ថា មនុស្ស ៦ នាក់បានស្លាប់នៅក្នុងស្រុកចំនួន ៣ និងមនុស្ស ៣ នាក់ទៀតកំពុងបាត់ខ្លួន ក្នុងនោះដែរមានការរងរបួសមនុស្សចំនួន ២៩ នាក់នៅទូទាំងរដ្ឋ។

រដ្ឋ Missouri បានកត់ត្រាចំនួនអ្នកស្លាប់ច្រើនជាងរដ្ឋដទៃទៀត ខណៈដែលការវាយប្រហារដោយព្យុះបានវាយលុកពេញមួយយប់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់។
ក្រុមអ្នកជួយសង្រ្គោះម្នាក់បាននិយាយថា លោកនិងអ្នកផ្សេងទៀតបានជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងផ្ទះរបស់ពួកគេដោយបានរកឃើញសាកសពចំនួនប្រាំនាក់ដែលរាយប៉ាយនៅក្នុងកម្ទេចកំទីនៅខាងក្រៅផ្ទះរបស់ពួកគេក្នុងរដ្ឋ Missouri ដែលរងគ្រោះខ្លាំង។
លោកបាននិយាយថា៖ «វាជាខ្យល់ព្យុះដ៏អាក្រក់បំផុត វាពិតជាគួរឲ្យព្រួយបារម្ភចំពោះអ្វីដែលបានកើតឡើងដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់»៕ ប្រភព៖ AP