នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់​ទៅ​លើ​ករណី​បាក់​សំណង់​ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​សាង​សង់ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៥ នាក់​និង​របួស ២២ នាក់ ដោយ​ត្រូវ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​ហ៊ុន​សាង​សង់។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ថ្ងៃ​ទី១៧ ខែមីនា​នេះ​ថា លោក​ស្រី​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ទេ។ យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​សម្រាប់​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​ ទាំង​ដំណើរ​ការ​ផ្លូវ​ច្បាប់ និង ការ​ព្យាបាល។ យើង​ត្រូវ​តែ​ចាត់​វិធានការ​ច្បាស់​លាស់​ភ្លាមៗ»។

ករណី​បាក់​គ្រោង​សំណង់​ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់ ​នៅ​ក្នុង​ស្រុក Chom Thong នៃ​ទីក្រុង​បាងកក បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ទី១៥ ខែ​មីនា បណ្ដាល​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់ និង​របួស ២២នាក់។

លោក​ស្រី Paetongtarn បន្ត​ថា៖ «យើង​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ហ្មត់​ចត់។ ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ម៉ៅការ​និង​ក្រុមហ៊ុន​ម៉ៅការ​បន្ត។ យើង​ស្នើ​ថា ត្រូវ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ ក៏​ដូចជា​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ទីប្រឹក្សា​គម្រោង»។

បើ​តាម​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដដែល គម្រោង​នេះ​ត្រូវ​តែ​សាងសង់​ឲ្យ​ចប់​សព្វគ្រប់ ប៉ុន្តែ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ធានា​បាន​ថា ឧបទ្ទវហេតុ​ដូច្នេះ​មិន​អាច​កើត​ឡើង​ម្ដង​ទៀត​ទេ៕